ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថៃ្ងទី៩ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង មកកាន់វិមានរដ្ឋសភា ដើម្បីជម្រាបជូនគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣) នៃរដ្ឋសភា អំពីវឌ្ឍនភាពការងារ ផែនការសកម្មភាព និងលទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ពាក់ព័ន្ធនឹងវិស័យអភិវឌ្ឍន៍ជនបទ។

ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា​ បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់នូវវិស័យការងារដែលជាសមត្ថកិច្ចទទួលខុសត្រូវរបស់គណៈកម្មការទី៣ នៃរដ្ឋសភា និងជាការរួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ដើម្បីជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឱ្យមានប្រសិទ្ធភាព។

ក្នុងឱកាសនោះ ឯកឧត្តម ឆាយ ប្ញទ្ធិសែន បានមានប្រសាសន៍ជម្រាបជូនគណៈកម្មការជំនាញរដ្ឋសភាថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងបំពេញបេសកកម្មយ៉ាងសកម្ម ក្នុងគោលដៅអភិវឌ្ឍន៍តំបន់ជនបទ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាជន ព្រមទាំងកសាងសង្គមជនបទ ឱ្យមានភាពរីកចម្រើនប្រកបដោយវិបុលភាព ផាសុខភាព និងសុភមង្គល។ ជាមួយនឹងបេសកកម្មដ៏មុតស្រួចរបស់ក្រសួង ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវចក្ខុវិស័យគន្លឹះ គឺ “លើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ដោយបានកំណត់យកកម្មវិធីអាទិភាពចំនួន៤ សម្រាប់ធ្វើការវិនិយោគ រួមមាន៖ ១-ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ ២-ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ៣-ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និង៤-ការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ។ កម្មវិធីអាទិភាពទាំង៤ របស់ក្រសួងខាងលើនេះ គឺជាធាតុផ្សំដ៏ចាំបាច់ក្នុងការអនុវត្តន៍នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានបាវចនា៥ គឺ កំណើនការងារ​ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបានកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ក្នុងគោលដៅបន្តបេសកកម្មថែរក្សាសន្តិភាព និង អភិវឌ្ឍន៍ប្រទេសជាតិជាប្រវត្តិសាស្ត្រ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យ “កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០”។

ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ក្នុងរយៈពេល ១០ខែ ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៤នេះ ក្រសួងបានអនុវត្តកម្មវិធីទាំង៤ ខាងលើ ប្រកបដោយការយកចិត្តទុកដាក់ និងសម្រេចបានលទ្ធផលជាច្រើន ដែលបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែង និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ ចំពោះរាជរដ្ឋាភិបាល នៅក្នុងគោលដៅលើកកម្ពស់គុណភាព និងគុណតម្លៃ នៃជីវិតរស់នៅរបស់ប្រជាជនជនបទ ឱ្យបានល្អប្រសើរជាលំដាប់ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលជាចំណែកដ៏ចាំបាច់ក្នុងការគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា។

ក្រោយពីបានស្តាប់នូវសេចក្តីរាយការណ៍របស់ក្រសួងរួចមក ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានថ្លែងអំណរគុណចំពោះ​ ឯកឧត្តមរដ្ឋមន្ត្រី និងសហការី ដែលបានឆ្លើយបំភ្លឺបញ្ជាក់បន្ថែមលើចម្ងល់ និងចំណាប់អារម្មណ៍របស់តំណាងរាស្រ្ត នាពេលនេះ និងសូមកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយនឹងជំនឿជឿជាក់ថា ឯកឧត្តមរដ្ឋមន្រ្តី ពិតជាមានសមត្ថភាពដឹកនាំស្ថាប័ននេះឱ្យទទួលបាននូវវឌ្ឍនភាពថ្មីៗបន្ថែមទៀត ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសុទ្ធសឹងតែជាថ្នាក់ដឹកនាំវ័យក្មេង ប្រកបដោយថាមពល និងចំណេះដឹងខ្ពស់ ជាពិសេស ការសម្រេចនូវចក្ខុវិស័យ “កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០” ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed