ភ្នំពេញ ៖ ក្លឹបអ្នកកាសែតកម្ពុជា និងក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ២០២៤នេះ បានសហការគ្នារៀបចំវេទិកា ពិភាក្សាស្តីអំពី ស្ថានភាពសុខាភិបាលកម្ពុជា បញ្ហាប្រឈមនិងឧកាស ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មានបានស្វែងយល់បន្ថែមទៀតអំពីព័ត៌មានថ្មីៗ និងការផ្សព្វផ្សាយអំពីវិស័យ សុខាភិបាលទៅកាន់សាធារណជនប្រកបដោយប្រសិទ្ធភាព និងភាពត្រឹមត្រូវ។

​វេទិកាពិភាក្សា «ស្តីអំពី ស្ថានភាពសុខាភិបាលកម្ពុជា បញ្ហាប្រឈមនិងឧកាស » នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងមានការអញ្ជើញចូលរួមពី លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងមានការចូលរួមពីអ្នកសារព័ត៌មានប្រមាណ ៧០នាក់ មកពីស្ថាប័នផ្សេងៗគ្នាចំនួន៥៨ស្ថាប័ន នៅមន្ទីរពេទ្យកាលម៉ែត ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងកម្មវិធីនេះ លោកសាស្ដ្រាចារ្យ ឈាង រ៉ា​ រដ្ឋមន្ដ្រីក្រសួងសុខភិបាល បានថ្លែងថា បច្ចុប្បន្ននេះការពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋយើង នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកទូទាំងប្រទេស មានចំនួនកើនឡើង តែទោះជាយ៉ាងណាក៏មានប្រជាពលរដ្ឋមួយចំនួនទៅទទួលសេវា​ពិនិត្យព្យាបាលនៅក្រៅប្រទេស។ នេះក៏មិនខុសពីបណ្ដាប្រទេសនៅអាស៊ានរបស់យើង គឺប្រជាជនមួយចំនួន តែងតែចេញទៅក្រៅប្រទេសរបស់ខ្លួន ដើម្បីប្រើប្រាស់សេវាសុខាភិបាលនៅបរទេស ដែលនេះជាជម្រើសរបស់អ្នកជំងឺ និងក្រុមគ្រួសាររបស់អ្នកជំងឺ។

ការថ្លែងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានធ្វើឡើងនៅក្នុងវេទិកា «ស្ថានភាពសុខាភិបាលកម្ពុជា៖ បញ្ហាប្រឈម និងឱកាស» ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ដោយសហការជាមួយក្រសួងសុខាភិបាល។

ឯកឧត្តមរដ្ឋមន្រ្តី​ បន្តថា​ យុទ្ធសាស្ត្រដែលក្រសួង​សុខាភិបាល​បានគិតគូរលើបញ្ហានេះ គឺធ្វើយ៉ាងណាខិតខំប្រឹងប្រែងឱ្យបានល្អថែមទៀតក្នុងការបម្រើសេវាព្យាបាលក្នុងស្រុកឱ្យកាន់តែល្អក្នុងវិស័យសុខាភិបាល ទាំងវិស័យសាធារណៈ និងឯកជន ទោះបីបច្ចុប្បន្នមានកន្លែងព្យាបាលល្អច្រើន លោកក៏ទទួលស្គាល់ថា នៅតែមានចន្លោះខ្វះខាត។ ឯកឧត្តមបន្តថា​ ទាំងក្នុងវិស័យរដ្ឋ និងឯកជន គិតផ្តល់យ៉ាងណាក្នុងរយៈពេលវែងជាប្រចាំ ដើម្បីឱ្យមានការកើនឡើងស្របតាមវឌ្ឍនភាព និងការខិតខំរបស់ក្រសួងសុខាភិបាល។ បន្ទាប់មក ត្រូវធ្វើការអប់រំ និងពន្យល់ពីបញ្ហាសុខភាព ហើយចូលរួមទប់ស្កាត់ចំពោះការឃោសនាណាដែលមិនពិត។​

ចំពោះការសម្រេចចិត្តថា ជ្រើសរើសព្យាបាលនៅក្នុង ឬ ក្រៅប្រទេសនោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏គោរពចំពោះការសម្រេចចិត្តរបស់ពលរដ្ឋ ឯកឧត្តមក៏សូមឱ្យមានការថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ រវាងបរិក្ខារ សេវាព្យាបាល និងតម្លៃជាដើម។បច្ចុប្បន្នក្រសួង​ បានខិតខំយ៉ាងខ្លាំងក្នុងការពង្រឹងការព្យាបាលក្នុងស្រុក ហើយមន្ទីរពេទ្យរដ្ឋមួយចំនួនមានការរីកសម្រើនច្រើនដូចគ្នា ដោយមានពលរដ្ឋខ្មែរ ៩៨,៥% ដែលទទួលការព្យាបាលក្នុងប្រទេស។

លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា(ក អ.ក)បានឲ្យដឹងថា តាមរយៈវេទិកាពិភាក្សានេះ និងផ្តល់ឪកាសដល់អ្នកសារព័ត៌មាន បានស្វែងយល់កាន់តែច្បាស់ពាក់ព័ន្ធការងារក្នុងវិស័យសុខាភិបាល ហើយអ្នកសារព័ត៌មានអាចលើកជាសំណួរទាក់ទងកម្មវិធីការងារជាក់ស្តែង និងការប្តេជ្ញាចិត្តរបស់ក្រសួងសុខាភិបាល ក្នុងការអភិវឌ្ឍវិស័យសុខាភិបាល រួមទាំងសំណួរផ្សេងៗទៀតដែលមានសារ:ប្រយោជន៍ដល់ការលើកកម្ពស់ និងសុខុមាលភាពប្រជាជនកម្ពុជា៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed