ភ្នំពេញ៖ ករណីសោកស្តាយមួយបានកើតឡើង នៅក្នុងសហគមន៍ភូមិត្រពាំងអណ្ដូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ ដែលក្មេងស្រីសិស្សសាលា ២នាក់ បានលង់ទឹកស្រះស្លាប់ បង្កការភ្ញាក់ផ្អើល និងសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះអ្នកស្រុក និងសង្គមទាំងមូល។
យោងតាមព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ក្មេងស្រីចំនួន ៤នាក់ ដែលសុទ្ធជាសិស្សសាលាបឋមសិក្សាអូឌឹម បានទៅលេងជុំគ្នា នៅជិតស្រះទឹកមួយ ក្នុងភូមិត្រពាំងអណ្ដូង។ ក្នុងអំឡុងពេលនោះ ពួកគេចង់ដឹងពីជម្រៅទឹក ដោយបានដាក់ជើងចុះទៅក្នុងស្រះ និងភ្ជាប់ជើងគ្នា។ ប៉ុន្តែអភ័ព្ជហេតុ បានបណ្តាលឲ្យរអិលធ្លាក់ចូលក្នុងទឹកស្រះជាស្រេច។
ក្មេងស្រីម្នាក់ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ខណៈដែលក្មេងស្រី២នាក់ផ្សេងទៀត បាត់ខ្លួនក្នុងទឹក។ កម្លាំងសមត្ថកិច្ច និងអង្គភាពជួយសង្គ្រោះ ៩១១ បានចូលរួមស្វែងរកយ៉ាងអស់កម្លាំង រហូតរកឃើញសពទាំងពីរ វិញនៅចុងរសៀលថ្ងៃនោះ។
ក្មេងស្រីដែលបានស្លាប់មានឈ្មោះ៖
១/វន្នី ចាន់ណា អាយុ ១៣ឆ្នាំ
២/លាប ស្រីមាស អាយុ ១៣ឆ្នាំ
ជាសិស្សថ្នាក់ទី ៦ “ក” នៃសាលាបឋមសិក្សាអូឌឹម។
បច្ចុប្បន្ន សពក្មេងស្រីទាំងពីរត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីបន្តពិធីបុណ្យតាមប្រពៃណី។ មន្ត្រីជំនាញក៏បានអនុវត្តន៍ការត្រួតពិនិត្យ និងកោសល្យវិច្ច័យ តាមនីតិវិធីផងដែរ។
សូមអរគុណដល់កម្លាំងជួយសង្គ្រោះ និងសមត្ថកិច្ចដែលបានឆ្លើយតបទាន់ពេលវេលា។ ដោយហេតុការណ៍នេះ សូមអំពាវនាវដល់អាណាព្យាបាលគ្រប់រូប បង្កើនការប្រុងប្រយ័ត្ន និងពិសេសនៅតំបន់មានគ្រោះថ្នាក់ដូចជា ស្រះ ទឹកជ្រោះ ឬបឹង ដើម្បីជៀសវាងហេតុការណ៍អាក្រក់បន្ថែមទៀត។
សូម វិញ្ញាណក្មេងស្រីទាំងពីរ បានទៅសោយសុខក្នុងសុគតិភពនិងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះផងដែរ៕
រាយការណ៍ដោយ និង កែសម្រួលដោយ៖ [N7/ទីភ្នាក់ងារសារព័ត៌មានរស្មីញូស៍]









