(ភ្នំពេញ)៖ ករណីឃាតកម្មបាញ់សម្លាប់អ្នកជិតខាងក្នុងបុរីប៉េងហួតបឹងស្នោរ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ខ្មាន់កាំភ្លើងត្រូវកម្លាំងនគរបាលស្រាវជ្រាវចាប់ខ្លួនបានហើយ ក្រោយរត់គេចខ្លួនប៉ុន្មានម៉ោង។ ហើយជនដៃដល់ត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅវេលាម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងថា : ខ្មាន់កាំភ្លើងត្រូវកម្លាំងសមត្ថកិច្ចនគរបាលឡោមព័ទ្ធចាប់ខ្លួនបានហើយ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល រួមជាមួយរថយន្ដ និងកាំភ្លើងខ្លីសម្រាប់ធ្វើសកម្មភាព ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបន្តឱ្យដឹងទៀតថា ក្រោយចាប់ខ្លួនបាន នៅពេលនេះខ្មាន់កាំភ្លើងកំពុងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំ និងចាត់ការបន្ដតាមនីតិវិធីតាមច្បាប់។ ហើយខ្មាន់កាំភ្លើងមានឈ្មោះ ស្រី ស៉ីណា អាយុ៥០ឆ្នាំ។

បើតាមការបញ្ជាក់របស់សមត្ថកិច្ចបានឲ្យដឹងថា ជាមួយការឃាត់ខ្លួននេះ កម្លាំងនគរបាលដកហូតបានរថយន្ដមួយគ្រឿង ម៉ាក Ssangyong Rexton ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BL-9923 និងកាំភ្លើងខ្លីមួយដើមសម្រាប់ធ្វើសកម្មភាព។ ក្រៅពីខ្មាន់កាំភ្លើងដែលជាអ្នកធ្វើសកម្មភាពផ្ទាល់ កម្លាំងនគរបាលក៏បានឃាត់ខ្លួនមនុស្សចំនួន២នាក់ផ្សេងទៀតរ ដែលសង្ស័យពាក់ព័ន្ធករណីនេះ។

ដោយឡែក សម្រាប់ជនរងគ្រោះក្នុងហេតុការណ៍នេះវិញ មានចំនួន៣នាក់ ក្នុងនោះស្ដ្រីម្នាក់ និងបុរស២នាក់។ ក្នុងចំណោមជនរងគ្រោះទាំង៣នាក់នោះ មាន២នាក់ជាគូដណ្ដឹងនឹងគ្នា ហើយត្រៀមចូលរោងការនៅអំឡុងខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។ បើតាមការបញ្ជាក់បន្ថែមថា រហូតមកដល់ពេលចាប់ខ្លួននេះជនរងគ្រោះ២នាក់ដែលជាគូដណ្ដឹងនឹងគ្នានោះ បានបាត់បង់ជីវិត ខណៈម្នាក់ទៀតកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ ជំហានដំបូងបានឲ្យដឹងថា ដើមចមនៃហេតុការណ៍បាញ់ប្រហារដ៏រន្ធត់នេះ គឺផ្ដើមចេញពីទំនាស់អ្នកជិតខាង និងការប្រើប្រាស់ស្នួលហាលខោអាវ ព្រមទាំងការចតរថយន្ដ។ សម្រាប់ព័ត៌មានលម្អិតយ៉ាងណានោះ បណ្ដាញព័ត៌មាន យើងនឹងធ្វើការផ្សាយជូនជាបន្តបន្ទាប់ទៀត៕

https://www.facebook.com/FastNewRaksmey?mibextid=ZbWKwL
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222។

📍ការិយាល័យកណ្ដាល គេហទំព័រ រស្មី ញ៉ូស៍ (បុគ្គលិកប្រចាំការ) ☎️012 278 222 អង្គភាពយើងខ្ញុំមានមេធាវី 03 រូប សម្រាប់ការពារក្ដី បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន។
សូមអរគុណ

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed