ឧត្តរមានជ័យ ៖ ដោយមានណែនាំ និងចង្អុលបង្ហាញពីសំណាក់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មានការសម្របសម្រួលពី ឯកឧត្តម តូច សុភក្ដី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ បានដឹកនាំផ្ទាល់កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងសំរោង សហការជាមួយនិងកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តឧត្តរមានជ័យ ចុះស្រាវជ្រាវស៊ើបអង្កេត និងបំបែកសំណុំរឿង ករណីឃាតកម្ម(រំលោភសម្លាប់) នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានដោយជោគជ័យ ។
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានប្រាប់ឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ កម្លាំងជំនាញយើងបានធ្វើការស្រាវជ្រាវស៊ើបអង្កេត និងកំណត់បានមុខសញ្ញាឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ បានចំនួន ២នាក់ មានឈ្មោះដូចខាងក្រោម៖
ទី១.ឈ្មោះ ភាក់ សីហា ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិអូពក សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ
ទី២.ឈ្មោះ ភាជ សុជាតិ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
បន្ទាប់ពីបានធ្វើការសាកសួរជនដៃដល់ទាំង ២នាក់ ខាងលើនេះរួច ពួកគេបានសារភាពថា៖ គឺនៅមានបក្ខពួកខ្លួនម្នាក់ទៀត បានចូលរួមធ្វើសកម្មភាពចាប់រំលោភបូកជាមួយពួកខ្លួនផងដែរ។ បន្ទាប់មករហូតដល់ម៉ោង២និង០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ កម្លាំងជំនាញក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យថែមម្នាក់ទៀតមានឈ្មោះ ត្រយ ចិត្រា ភេទប្រុស អាយុ ១៥ឆ្នាំ នៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
ក្រោយមកទៀតពេលកម្លាំងជំនាញធ្វើការសាកសួរបំភ្លឺជនសង្ស័យទាំង ៣នាក់ ខាងលើអស់ហើយ ពួកគេបានឆ្លើយ
សារភាពថា៖ រូបខ្លួនទាំង ៣នាក់ ពិតជាបានធ្វើសកម្មភាពលបស្ទាក់ចាប់ជនរងគ្រោះនៅតាមផ្លូវ ដើម្បីយកទៅរំលោភបូក រួចហើយវាយសម្លាប់ និងបោះចូលទៅក្នុងទឹកអូរខាងត្បូងភូមិពិតប្រាកដមែន ។
សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោងប្រហែល២៣និង០០នាទី នៅចំណុចមាត់អូរខាងត្បូងភូមិ ស្ថិតក្នុងភូមិការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីរំលោភសម្លាប់ ដែលបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពចាប់ជនរងគ្រោះឈ្មោះ ឡុង គឹមឡាយ ភេទស្រី អាយុ ១៧ឆ្នាំ មានទីលំនៅភូមិកើតហេតុ បានរំលោភ និងវាយសម្លាប់ រួចបោះសាកសពចូលទៅក្នុងទឹកអូរខាងត្បូង ភូមិចំការចេក។
បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ខាងលើ ត្រូវបានឃាត់ខ្លួននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីរៀបចំកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្តតាមផ្លូវច្បាប់ ៕
https://www.rmn.asia