មនុស្ស៧នាក់ស្លាប់ និងជាង១០នាក់ កំពុងជួយសង្គ្រោះ ក្រោយពីយកអាកុលលាយជាមួយទឹកភេសជ្ជ:ផឹក បណ្តាលឲ្យពុល
ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរចំនួន៧នាក់បានស្លាប់ និងជាង១០នាក់ទៀត កំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយពួកគេបានយកអាកុលលាយជាមួយទឹកភេសជ្ជ:ផឹកកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅក្នុងមណ្ឌលធ្វើចត្តាឡីស័កកូបធំ ខេត្តបន្ទាយមានជ័យ។
ថ្លែងប្រាប់បណ្តាញព័ត៌មាន នៅថ្ងៃទី១២ ខែវិច្ឆិកា អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានបញ្ជាក់ថា ករណីនេះបានកើតឡើងកាលពីម្សិលមិញ ដោយសារពលកររងគ្រោះទាំងនេះ បានយកអាកុលលាយជាមួយទឹកភេសជ្ជ:ផឹក ទើបបណ្តាលឲ្យពុលចំនួន២១នាក់ ក្នុងនោះស្លាប់ចំនួន៧នាក់។
លោកអភិបាលខេត្តបានបន្តថា ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត មន្ទីរពេទ្យបង្អែកស្រុកមង្គលបុរី និងខ្លះទៀតបញ្ជូនបន្តទៅមន្ទីរពេទ្យនៅខេត្តសៀមរាប។ បើលោកអភិបាលខេត្ត ដោយសារតែអាជ្ញាធររឹតបន្តឹងការនាំចូលស្រាចូលក្នុងមណ្ឌលធ្វើចត្តាឡីស័ក ទើបជនរងគ្រោះ (ស្រី៣នាក់) បានយកអាកុលលាយជាមួយទឹកភេសជ្ជ:ផឹក ក៏បណ្តាលឲ្យពុលតែម្តង៕