ស្ថានទូតអាមេរិកថា បញ្ហារឿង សញ្ញាបត្រលោក ហ៊ុន ម៉ាណែត ត្រូវបានបញ្ជាក់រួចហើយតាំងពីឆ្នាំ២០១៩
ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ ១០:០២ ដោយ Hun Sirivadh
ភ្នំពេញ៖ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាលោក Chad Roedemeier បានឆ្លើយតបនឹងសារអេឡិចត្រូនិចអ៊ីម៉ែលរបស់ EAC News ថាបញ្ហាសញ្ញាបត្រលោក ហ៊ុន ម៉ាណែត ត្រូវបានសាលាទាហានអាមេរិក West Point បកស្រាយរួចហើយកាលពីឆ្នាំ២០១៩ ដែលមានន័យថាស្ដង់ដាសញ្ញាបត្ររបស់សាលាអាមេរិកមិនមានការបែងចែកស្ដង់ដារកម្រិត២ ឬសញ្ញាបត្រយោគយល់ដូចដែលលោក សម រង្ស៊ី លើកឡើងនោះទេ។
លោក Chad Roedemeier បានបញ្ជាក់ប្រាប់ EAC News ថាស្ថានទូតមិនអាចឆ្លើយតបរឿងសញ្ញាបត្រជំនួសសាលារបស់អាមេរិកនោះទេ តែលោកថាករណីសញ្ញាបត្ររបស់លោក ហ៊ុន ម៉ាណែត ត្រូវបានសាលា West Point បកស្រាយរួចហើយកាលពីខែតុលា ឆ្នាំ២០១៩ ដែលពេលនោះប្រធានផ្នែកកិច្ចការសាធារណៈ និងទំនាក់ទំនងនៅសាលាបណ្ឌិត្យសភាយោធាអាមេរិក West Point លោក Christopher Ophardt បានបញ្ជាក់កាលពីខែតុលា ឆ្នាំ២០១៩ថា ការអនុញ្ញាតដល់សិស្សអន្តរជាតិបានមកសិក្សានៅសាលាបណ្ឌិតសភាអាមេរិក West Point គឺជាគំនិតផ្ដួចផ្ដើមរបស់ក្រសួងការបរទេសនិងក្រសួងការពារជាតិអាមេរិក។ ហើយរបៀបនៃជ្រើសរើស ការសិក្សា និងបណ្ដុះបណ្ដាលយោធាគឺដូចគ្នាទៅនឹងសិស្សជនជាតិអាមេរិកដូចគ្នា។ គ្មានការបែងចែកសិស្សកម្រិត២ ឬសិស្សទទួលបានការយោគយល់នោះទេ។
កាលពីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក Patrick Murphy ឱ្យជួយបកស្រាយករណីដែលមានការលើកឡើងថាសញ្ញាបត្រដែលនិស្សិតកម្ពុជាទទួលបានពីអាមេរិកគឺជាសញ្ញាបត្រកម្រិត២ ឬជាសញ្ញាបត្រយោគយល់ ដោយថាដើម្បីការពារកិត្តិយសការអប់រំនៅក្នុងសហរដ្ឋអាមេរិក។
ការលើកឡើងរបស់សម្ដេចតេជោបែបនេះដោយរំលឹកពីការវាយប្រហារលើសញ្ញាបត្រដែលកូនប្រុសរបស់សម្ដេចតេជោ គឺលោក ហ៊ុន ម៉ាណែត ត្រូវបានលោក សម រង្ស៊ី លើកឡើងមកវាយប្រហារជានិច្ចជាកាល។
សម្ដេចតេជោ ស្នើដល់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាបកស្រាយករណីដែលចោទប្រកាន់នេះដោយថាដើម្បីការពារកិត្តិយសវិស័យអប់រំរបស់អាមេរិក។
សម្ដចតេជោថ្លែងថា៖ «អាចនឹងនិយាយបានទេពីបញ្ហាហ្នឹង! ដែលថាសាលា West Point មានកម្រិតជាសញ្ញាបត្រប្រភេទ២ឬសញ្ញាបត្រកិត្តយស។ តើសហរដ្ឋអាមេរិកការពារជនខិលខូច ឬការពារសាលាអាមេរិក? មិនមែនការពារ ហ៊ុន ម៉ាណែត ទេ! គឺការពារសាលា។ […] អញ្ចឹងទេគឺមានតែសហរដ្ឋអាមេរិក និងអង់គ្លេស ដើម្បីការពារស្ថាប័នអបរំរបស់ខ្លួនគឺមានតែចេញមកបញ្ជាក់អញ្ចឹងទៅ។ ហើយបើថាចេញមកបញ្ជាក់អញ្ចឹងទៅហាក់បីដូចជាវាយប្រហារចំពោះអ្នកដែលបាននិយាយ។ អើ! អញ្ចឹងទុកអញ្ចឹងទៅ យើងក៏សម្គាល់មើលអាហ្នឹងដែរ។ តើគេការពារស្ថាប័នអប់រំរបស់គេ ឬគេការពារមនុស្សខិលខូច? យើងក៏សម្គាល់មើលរឿងហ្នឹងដែរ» ។
កាលពីថ្ងៃទី២៥ ខែធ្នូ កន្លងទៅលោក សម រង្ស៊ី បានផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានបរទេសដែលផ្សាយជាភាសាខ្មែរដោយបានលើកឡើងថាសញ្ញាបត្រដែលលោក ហ៊ុន ម៉ាណែត ទទួលបានទាំងពីសាលាបណ្ឌិតយោធា West Point និងសាកលវិទ្យាល័យញូវយ៉ករបស់សហរដ្ឋអាមេរិក និងសញ្ញាបត្រពីសាកលវិទ្យាល័យប្រ៊ីសស្ដូលនៅចក្រភពអង់គ្លេសគឺជាសញ្ញបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់។
បន្ទាប់មកដើម្បីការពារលើសញ្ញាបត្រខ្លួន លោក ហ៊ុន ម៉ាណែត បានប្រកាសហៅលោក សម រង្ស៊ី ភ្នាល់គ្នាដាក់«ជីវិតនយោបាយ» ប្រសិនជា សម រង្ស៊ី អាចរកភស្ភុតាងបញ្ជាក់ថាលោកទទួលបានសញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់ដូចដែល សម រង្ស៊ី អះអាងមែន។ ទោះជាយ៉ាងណាក្រោយរង់ចាំពីការភ្នាល់២ថ្ងៃដោយគ្មានការឆ្លើយតប លោក ហ៊ុន ម៉ាណែត បានដាក់បន្ថែមមួយទៀតដោយស្នើឱ្យលោក សម រង្ស៊ី ឈប់ធ្វើនយោបាយទៅព្រោះលោក សម រង្ស៊ី គ្មានភាពក្លាហានក្នុងការការពារអំណះអំណាងរបស់ខ្លួនមិនមែនជាគំរូរបស់ពលរដ្ឋ៕