រវល់ទៅទិញឥវ៉ាន់ទុកកូននៅផ្ទះ ត្រលប់មកវិញ ស្រក់ទឹកភ្នែក
ខេត្តបន្ទាយមានជ័យ : ម្តាយបានត្រឹមតែយំអោបកូនស្ទើរគាំងបះដូងស្លាប់ដោយឃើញកូនជាទីស្រឡាញ់ស្លាប់នៅដៃខ្លួនស្រស់ៗពេក ពេលដែលខ្លួនចេញទៅឥវ៉ាន់នៅផ្សារសិរីសោភ័ណកូនបានចេញពីផ្ទះទៅលេងទឹកស្រះនៅជិតផ្ទះបណ្តាលឲ្យលង់ស្លាប់។
រឿងរ៉ាវនេះ កើតឡើងនៅវេលាម៉ោង១០ ព្រឹក ថ្ងៃទី៥ ខែ មករា ឆ្នាំ ២០២២ មានចម្ងាយប្រមាណជា២០០ម៉ែត្រពីភូមិ នៅត្រង់ចំណុចខាងត្បូងភូមិបែកចានចាស់ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
នគរបាលមូលដ្ឋានបានប្រាប់ឲ្យដឹថាក្មេងរងគ្រោះមានឈ្មោះ ហួ ផារិនភេទប្រុស អាយុ៧ ឆ្នាំ ម្តាយឈ្មោះ ហួ ឆវី ហៅ អាយុ៣៥ ជាស្រ្តីមេម៉ាយ រស់នៅភូមិបែកចានចាស់ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយានជ័យ។
នគរបាលមូលដ្ឋានបានប្រាប់ឲ្យដឹងបន្តទៀតថាមុនពេលកើតហេតុនោះម្តាយក្មេងប្រុសនោះបានចេញពីផ្ទះជិះម៉ូតូទៅទិញឥវ៉ាន់នៅផ្សារសិរីសោភ័ណយកមកលក់ ស្របពេលម្តាយចេញបាត់កូនប្រុសក៏ចេញពីផ្ទះដែរតែដើរសំដៅទៅផ្ទះទឹកហើយបានចុះលេងទឹកបណ្តាលឲ្យលង់ស្លាប់តែម្តង ។
សមត្ថកិច្ចពេលធ្វើការពិនិត្យហើយបានធ្វើការសន្និដ្ឋានថាក្មេងប្រុសនេះពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដព្រោះគ្មានស្នាកស្នាមនៅខ្លួនសព សមត្ថកិច្ចប្រគល់ទៅឲ្យម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ ឧត្តម