សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលយុវនីតិសម្បទា ខេត្តកណ្តាល
ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវ មណ្ឌលយុវនីតិសម្បទា ស្ថិតនៅភូមិបាគូរ ឃុំបាគូរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ក្នុងពិធីសម្ពោធនេះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល រួមនឹងក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរាជធានីភ្នំពេញ ក្រុមប្រឹក្សា អភិបាលខេត្តកណ្តាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ពីរបាយការណ៍ដោយលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដែលមានឆន្ទៈនយោបាយខ្ពស់ និងប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពន្លឿនកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ដើម្បីសម្រេចបាននូវប្រព័ន្ធច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលមានលក្ខណៈស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ពិសេសសំដៅលើកស្ទួយការគោរពសិទ្ធិស្មើគ្នាក្នុងសង្គម។
ព្រមជាមួយគ្នានេះ ការកសាងមណ្ឌលយុវនីតិសម្បទា ពិតជាមានសារៈសំខាន់ ដែលជាទឡ្ហីករណ៍មួយបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលលើការជំរុញការអនុវត្តច្បាប់ស្តីពីយុត្តិធម៌អនីតិជន តាមរយៈការពង្រឹងប្រសិទ្ធភាពការអប់រំបណ្តុះបណ្តាល និងការស្តារនីតិសម្បទាស្របតាមស្ថានភាពវិវឌ្ឍន៍ជាក់ស្ដែងរបស់កម្ពុជា និងតម្រូវការចំពោះមុខ។
ថ្លែងក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍កោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ ចំពោះឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងសហការីទាំងអស់ ដែលបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការផ្តួចផ្តើមសាងសង់មណ្ឌលយុវនីតិសម្បទានេះឡើង។
សម្តេចក្រឡាហោម បានមានប្រសាសន៍បន្ថែមថា មណ្ឌលយុវនីតិសម្បទានេះ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ដែលអាចចាត់ទុកជាសមិទ្ធផលប្រវត្តិសាស្ត្រដំបូងបង្អស់នៅកម្ពុជា ដែលកន្លងមក កម្ពុជាយើងមិនទាន់មានមណ្ឌលបែបនេះនៅឡើយទេ។ មណ្ឌលយុវនីតិសម្បទានេះ គឺសំដៅទទួលយកអនីតិជនដែលទំនាស់នឹងច្បាប់ ដើម្បីអប់រំ និងកែប្រែឱ្យក្លាយជាយុវជនល្អនៅក្នុងសង្គមកម្ពុជាយើងឡើងវិញ។
ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម បានស្នើដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងយុត្តិធម៌ និងក្រសួង ស្ថាប័នពាក់ព័ន្ធរួមនិងអង្គការដៃគូអភិឌ្ឍ ឱ្យបន្តចូលរួមសហការឱ្យបានល្អក្នុងដំណើរការ នឹងការប្រព្រឹត្តទៅរបស់មណ្ឌលយុវជនីតិសម្បទានេះឱ្យស្របទៅតាមស្តង់អន្តរជាតិ ក្នុងគោលដៅធានាដល់ឧត្តមប្រយោជន៍ អនីតិជនរបស់យើង៕