សៀមរាប៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការដឹកនាំដោយ ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ទោ បណ្ឌិត សាយ រិទ្ធីសក្តិ នាយកសាលានគរបាលជាតិភូមិភាគ ៤ បានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទ ចូលរួមក្នុងពិធីប្រគេនបច្ច័យ ទានវស្សា និងគ្រឿងឧបភោគបរិភោគ ជូនแดព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងបរិវេណវត្តអន្លង់ធំ ដែលស្ថិតនៅលើភ្នំគូលែន ភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។
ពិធីនេះត្រូវបានរៀបចំឡើងដោយការផ្តួចផ្តើម និងជាអធិបតីភាពរបស់ព្រះវិជ័យរង្សី បណ្ឌិត ឡាច លាង ព្រះរាជាគណៈកិត្តិយស ជាព្រះធម្មធរគណខេត្ត និងជាព្រះគ្រូប្រាសាទរង្សី ព្រះអនុគុណក្រុងសៀមរាប។ ការប្រគេនបច្ច័យ និងទានវស្សានេះបានធ្វើឡើងចំពោះវត្តចំនួន ៥ ស្ថាន ដែលស្ថិតនៅក្នុងស្រុកស្វាយលើ រួមមាន៖
១. វត្តអន្លង់ធំ
២. វត្តអូរតាកុក
៣. វត្តសែនជ័យ
៤. វត្តជប់រំដេង
៥. វត្តក្រមុំបូល
ក្រៅពីការប្រគេនជូនព្រះសង្ឃដើម្បីគាំទ្រការប្រព្រឹត្តវស្សា ពិធីនេះក៏មានការចែកចាយអំណោយផងដែរ ដោយក្រុមការងារបានជម្រាបសួរសុខទុក្ខ និងផ្ដល់អំណោយជូនដល់កម្លាំងនគរបាលនិងកម្លាំងរាជអាវុធហត្ថមូលដ្ឋាន ដែលបំពេញភារកិច្ចនៅក្នុងស្រុកស្វាយលើ ដោយផ្តល់នូវការលើកទឹកចិត្ត និងការថែរក្សាសុខុមាលភាពរបស់មន្រ្តីប្រចាំទីតាំង។
ពិធីនេះ វាជាការសម្តែងនៃការរួមចំណែកលើការអភិរក្ស និងលើកតម្លៃប្រពៃណីពុទ្ធសាសនានៃជនជាតិខ្មែរ ព្រមទាំងជាប្រភពជំរុញការរួមសហការណ៍រវាងអាជ្ញាធរដែនដី កម្លាំងសន្តិសុខ និងសហគមន៍ក្នុងការរួមគ្នាបង្កើតសុខសន្តិភាព និងសុវត្ថិភាពសង្គម ៕











