កាលពីវេលាម៉ោង ០២និង០០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ មានក្រុមអ្នកក្លាហាន ប្រដាប់ដោយ កាំបិតផ្គាក់ កាំបិតប៉័ងតោ ញញួរ ដំបង និងខ្សែក្រវ៉ាត់ មួយក្រុម បានធ្វើសកម្មភាព បម្រុងសម្រុកចូល វាយ និងកាប់ ទៅលើបុគ្គលិក ភោជនីយដ្ឋាន ម្លប់ស្នេហ៍ ស្ថិតនៅចំណុច ភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ តែដោយបុគ្គលិកហាង មានគ្នាច្រើន ធ្វើឲ្យក្រុមអ្នកក្លាហានលេងគុនកាំបិតទាំងនោះ គ្រាន់តែអុកឡុក និងស្រែកឡូឡាខាហមុខហាង រួចក៏នាំគ្នាចេញវិញគេចខ្លួនបាត់អស់។ ក្រោយពីទទួលរងនូវការភិតភ័យ បុគ្គលិកហាងម្លប់ស្នេហ៍ បានដាក់ពាក្យបណ្តឹងដល់ កម្លាំងជំនាញអាវុធហត្ថខណ្ឌសែនសុខ ឲ្យចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ចាប់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ រួមនិង កាំបិតផ្គាក់ កាំបិតប៉័ងតោ ចំនួន០២ដើម យកមកមូលដ្ឋានខណ្ឌដើម្បីអនុវត្តតាមនីតិវិធី។

ជនសង្ស័យទាំង០៣នាក់ រួមមាន ៖ ១-ឈ្មោះ រឹម ម៉ៅ ភេទប្រុស អាយុ១៩ឆ្នាំ, ២-ឈ្មោះ មន លីន ភេទប្រុស អាយុ១៨ឆ្នាំ, ៣-ឈ្មោះ ណន គីនីន ភេទប្រុស អាយុ១៦ឆ្នាំ។

ក្រោមវិធានការជំនាញជនសង្ស័យ បានសារភាពឲ្យដឹងដូចគ្នាថា កាលពីថ្ងៃកើតហេតុ ពួកខ្លួន និងបក្ខពួកផ្សេងទៀត ពិតជាបានប្រព្រឹត្តអំពើដូចការរៀបរាប់ខាងលើពិតប្រាកដមែន មូលហេតុដោយសារតែពួកខ្លួន បានលឺសំឡេងពីក្នុងហាង ម្លប់ស្នេហ៍ ថា ពួកអាអត់ប្រយោជន៍ ភ្លាមនោះពួកខ្លួនស្មានតែជនរងគ្រោះថាអោយក្រុមខ្លួនក៏កើតចេញជាកំហឹងតែម្ដង។

ជនសង្ស័យទាំង០៣នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលរត់គេចខ្លួន សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *