ក្រុមអន្តរាគមន៌បង្ក្រាបបទល្មេីសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពនិងផលិតកម្មសត្វចាប់ឃាត់រថយន្តថៃដឹកសាច់សត្វ១គ្រឿង​ ពីប៉ោយប៉ែតអូសយកទៅខេត្ត​ តែបីម៉ោងក្រោយបានលែងមកវិញក្រោយត្រួតពិនិត្យគុណភាពនិងច្បាប់នាំចូលរួច

ប៉ោយប៉ែត​បន្ទាយមានជ័យ៖ឯកឧត្តមតាន់ផាន់ណារ៉ាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាព​ និង​ ផលិតកម្មសត្វ​ នៅព្រឹកម៉ោង9,30នាទីថ្ងៃទី17ខែកក្កដាឆ្នាំ2021បានដឹកនាំកម្លាំងក្រុមអន្តរាគមន៌បង្ក្រាបបទល្មេីសចុះឆ្មក់ស្ទាក់ចាប់ឃាត់រថយន្តថៃ១គ្រឿងម៉ាកisuzuពណ៌ស​ ស្លាកលេខThailand 81-9741នៅចំណុចមុខមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតក្នុងភូមិនិងសង្កាត់ផ្សារកណ្ដាលរួចនាំរថយន្តទៅទីរួមខេត្ត។ មូលហេតុនៃការចាប់ព្រោះសង្ស័យថារថយន្តនេះដឹកផលិតផលសត្វខុសច្បាប់។
ប៉ុន្តែនៅវេលាម៉ោង12ថ្ងៃត្រង់​ ថ្ងៃដដែលគេឃេីញរថយន្តដឹកផលិតផលសត្វ(សាច់ជ្រូកនិងប្រហិត)នេះបានត្រឡប់មកវិញហេីយយកផលិតផលសត្វទៅទុកក្នុងស្នាក់ការក្រុមហ៊ុននាំចូលសាច់សត្វក្លាសសេដែលមានទីតាំងនៅភូមិអណ្ដូងថ្មមាស​ សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត​ ហេីយផលិតផលសាច់ទាំងអស់ដែលមានទម្ងន់សរុបចំនួនបួនតោនក៏ត្រូវបានចែកចាយតាមទីផ្សារអស់នៅរសៀលថ្ងៃដដែលនោះដែរ។
ទាក់ទងនឹងរឿងចាប់ហេីយលែងមកវិញមិនឃេីញយកទៅដុតកំទេចចោលដូចរាល់ដងនេះ​ អ្នកឆ្លេីយឆ្លង​ព័ត៌មាន​យេីងប្រចាំខេត្តបន្ទាយមានជ័យបានទំនាក់ទំនងសុំការបំភ្លឺពីសមត្តកិច្ចពាក់ព័ន្ធនិងម្ចាស់ទំនិញដេីម្បីផ្សាយជូនប្រិយ៌មិត្តជាទីគោរពរាប់អានយេីងបានជ្រាប។
តាមការបំភ្លឺពីសមត្តកិច្ចដែលចាប់ទំនិញបានឲ្យដឹងថា​ ផលិតផលសាច់សត្វមួយឡាននេះគេមានច្បាប់នាំចូលត្រឹមត្រូវ​ គ្រាន់តែទំនិញលេីសចំនួនដែលកាត់ស្តុកនាំចូល​ ឯការវេចខ្ចប់ទំនិញរបស់ក្រុមហ៊ុនក៏ត្រឹមត្រូវតាមស្តង់ដារដែរ​ ដូច្នេះសម្តតកិច្ចជំនាញគ្រាន់តែធ្វេីការផាកពិន័យតាមនិតិវិធី​ ហេីយធ្វេីការណែនាំម្ចាស់ក្រុមហ៊ុនឲ្យយល់ពីនិតិវិធីនៃការនាំចូលត្រូវធ្វេីឲ្យស្របតាមច្បា់ប់​ រួចក៏ដោះលែងទំនិញនិងរថយន្តឲ្យត្រឡប់មកវិញ។
ចំណែកខាងក្រុមហ៊ុនម្ចាស់ទំនិញក៏បានបកស្រាយថា​ ក្រុមហ៊ុនរបស់អ្នកស្រីទេីបតែបង្កេីតថ្មីម្លោះហេីយនៅមិនទាន់យល់ច្បាស់ពីនិតិវិធីអស់នៅឡេីយ​ ប៉ុន្តែក្រោយបានស្ដាប់ការណែនាំរបស់ឯ.ឧតាន់ផាន់ណារ៉ា​ រួចមកទេីបអ្នកស្រីយល់ហេីយនឹងលេីកក្រោយមិនឲ្យមានកំហុសឆ្គងដដែលនេះទៀតឡេីយ។
អ្នកស្រីប្រធានក្រុមហ៊ុនបានឲ្យដឹងថា​ គាត់មានច្បាប់នាំចូលសរុប9តោនតែបានដាក់ពាក្យកាត់ស្តុកតែ១តោនប៉ុណ្ណោះដោយគិតថាចាំទំនិញមកដល់គ្រប់ទេីបយកច្បាប់សរុបទៅកាត់ស្តុក​តែម្ដង​ តែខាងជំនាញបានណែនាំថាមិនអាចធ្វេីដូច្នេះបានទេ​ គឺឺកាត់ស្តុកប៉ុន្មានត្រូវនាំចូលប៉ុណ្ណឹងមិនអាចលេីសបានឡេីយ! បេីលេីសនឹងត្រូវរងការពិន័យ។ ដូច្នេះអ្នកស្រីស្ម័គ្រចិត្តទទួលការពិន័យដោយគ្មានតវ៉ាព្រោះជាកំហុសដោយអចេតនារបស់ក្រុមហ៊ុនមែន។
ដោយសារតែខាងក្រុមហ៊ុនស្ម័គ្រទទួលពិន័យ​ និងដោយសារការពិនិត្យរបស់ជំនាញឃេីញថាការវេចខ្ចប់ត្រឹមត្រូវតាមស្តង់ដារនិងសាច់មិនមានខូចគុណភាពផងនោះទេីបទាំងឡានទាំងទំនិញត្រូវបានត្រឡប់មកវិញដោយសុវត្តិភាព។( ដោយអក្ខរា02)

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *