លោក អ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញពិនិត្យ និងដាក់បទបញ្ជាបន្ថែមដល់ បងប្អូនត្រឡប់មកពីប្រទេសថៃ នៅតាមច្រកព្រំដែនចំនួន ៣ទីតាំង
ខេត្តបន្ទាយមានជ័យ : ដើម្បីពង្រឹងការត្រួតពិនិត្យបងប្អូនប្រជាពលរដ្ឋត្រឡប់មកពីប្រទេសថៃ និងបើកបរអ្នកដឹកជញ្ជូនទំនិញចេញចូលតាមច្រកព្រំដែនកម្ពុជា-ថៃ រសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យមើល ធ្វើការណែនាំ និងរៀបចំឲ្យមានក្រុមការងារប្រចាំការត្រួតពិនិត្យបន្ថែម ដើម្បីពិនិត្យសំណាក(Rapid Test)បងប្អូនជាអ្នកបើកបររថយន្ត នៅច្រកតំបន់បឹងត្រកួន ស្រុកថ្មពួក ច្រកតំបន់ម៉ាឡៃ ស្រុកម៉ាឡៃ និងច្រកអូរបីជាន់ ស្រុកអូរជ្រៅ ។
ក្នុងនាមគណៈកម្មាការខេត្តប្រយុទ្ធនឹងជំងឺកូវីដ១៩
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានណែនាំដល់កងកម្លាំងចម្រុះមានកម្លាំងនគរបាលការពារព្រំដែន អាវុធហត្ថ កម្លាំងយោធា មន្ត្រីសុខាភិបាលទាំងអស់ ត្រូវពង្រឹងការទប់ស្កាត់ការឆ្លងដែនខុសច្បាប់ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ ឲ្យបានតឹងរឹង ធានាការពារការរីករាលដាលនៃជំងឺកូវីដ១៩។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៍បានរំលឹកបន្ថែមដល់កងកម្លាំង មន្ត្រីសុខាភិបាលនៅតាមបន្ទាត់ព្រំដែនទាំងអស់ត្រូវ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតក្នុងការការពារ និងទប់ស្កាត់ឲ្យខានតែបាននូវរោគរាតត្បាត នៃជំងឺកូវីដ-១៩នេះ ហើយចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ក៏ដូចជាក្រសួងសុខាភិបាលបានដាក់ចេញ ក្នុងនោះមាន ៖ ៣ការពារ ៣កុំ គឺត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល កុំទៅចូលក្នុងចំណោមច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា កុំចូលទីកន្លែងបិទ គ្មានខ្យល់ចេញចូល និងមិនត្រូវប្រើម៉ាស៊ីនត្រជាក់ច្រើនពេក។
ក្នុងឱកាសនោះ នៅភូមិសាស្ត្រស្រុកម៉ាឡៃ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានផ្តល់ថវិកាឧបត្ថម្ភ លើកទឹកចិត្ត កងកម្លាំងយោធា ចំនួន ៣ ០០០ ០០០រៀល និងក្រុមការងារយុវជន ១ ០០០ ០០០រៀល ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្ត និងកំពុងប្រតិបត្តិការនៅទីនោះ ក្នយងថ្ងៃទី១៥ កក្កដា នេះ។