បុរសម្នាក់បានយកពូថៅចូលទៅកាប់លោកយាយបណ្តាលឲ្យស្លាប់ ខណៈកំពុងដេកលង់នៅក្រោមផ្ទះ , សង្ស័យផ្តើមចេញពីទំនាស់ព្រំដី
9:48 am 27 មិថុនា 2021 ទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222 /0977232222 /
ខេត្តបន្ទាយមានជ័យ ៖ លោកយាយវ័យ៧៤ឆ្នាំម្នាក់ត្រូវបានជនដៃដល់វ័យ៦៧ឆ្នាំ យកពូថៅកាប់ចំនួន០៤កន្លែង បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម ខណៈកំពុងដេកលង់លក់នៅក្រោមផ្ទះពេលថ្ងៃត្រង់ ។
ហេតុការណ៍នៃអំពើឃាតកម្មនេះបានកើតឡើងនៅវេលាម៉ោង១២និង០៥នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ នៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ៖ជនរងគ្រោះឈ្មោះ សួ សួង ភេទស្រី អាយុ៧៤ឆ្នាំ រស់នៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ចំណែកជនសង្ស័យឈ្មោះ ចយ សឺន ភេទប្រុស អាយុ៦៧ឆ្នាំ នៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ (ផ្ទះនៅចម្ងាយពីផ្ទះជនរងគ្រោះប្រហែល១០០ម៉ែត្រ) ។
លោកអធិការបានបញ្ជាក់ថា៖ បើតាមការឲ្យដឹងពីឈ្មោះ យ៉ែត ឡាវិនណា អាយុ០៨ឆ្នាំ ត្រូវជាចៅជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា៖ នៅមុនពេលកើតហេតុ ខ្លួនបានដេកនៅលើអង្រឹង ចំណែកយាយរបស់ខ្លួនដេកលើឥដ្ឋការ៉ូនៅក្រោមផ្ទះជាមួយគ្នា យាយរបស់ខ្លួនបានដេកលង់លក់ហើយ ចំណែកខ្លួនដេកមិនទាន់លក់ទេ ។ ខណៈនោះឃើញឈ្មោះ ចយ សឺន បានកាន់ពូថៅដើរចូលតាមទ្វារមុខមិនបានបិទ ហើយក៏ធ្វើសកម្មភាពកាប់ទៅលើយាយរបស់ខ្លួនត្រូវចំក្បាលឮសូរភូសៗ ចំនួន០៤ពូថៅ ពេលឃើញដូច្នោះខ្លួនបាត់ស្ទុះក្រោកពីលើអង្រឹងរត់មកក្រោយផ្ទះ ។ក្រោយពីធ្វើសកម្មភាពរួចជនដៃដល់បានរត់គេចខ្លួន ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី បានបញ្ជាក់ឲ្យដឹងទៀតថា ឆ្លងតាមការស្រាវជ្រាវ ជនរងគ្រោះនិងជនដៃដល់ ធ្លាប់មានទំនាស់ជាមួយគ្នារឿងព្រំដី ។ ពេលនេះកម្លាំងនគរបាលស្រុកកំពុងស្វែងរកចាប់មុខសញ្ញាជនល្មើសដើម្បីយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ ៕