ខេត្តមណ្ឌលគិរី : នៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ វេលាម៉ោង ៨:៣០ នាទី មានការចូលរួមពីលោកអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរីលោក ថង សាវុន និងលោកចៅសង្កាត់ មនោរម្យ លោក ឆុំ សូរី និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធជុំវិញខេត្តបានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យជូនប្រជាពលរដ្ឋដែលស្ថិតនៅក្នុងភូមិ ជ្រៃសែន សង្កាត់ មនោរម្យ ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។
ឯកឧត្តម ថង សាវុន ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវសម្អាតបរិស្ថាននៅជុំវិញផ្ទះឲ្យបានស្អាត ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ មិនត្រូវលក់ដូរ ឬ រំលោភលើដីចំណីផ្លូវសាធារណៈ ដែលធ្វើឲ្យបាត់បង់សោភ័ណភាពក្រុងរបស់យើងឡើយ ។ ដោយឡែក ឯកឧត្តមក៏បានស្នើ ដល់ប្រជាពលរដ្ឋដែលមិនទាន់មានឬបាត់អត្តសញ្ញាណប័ណ្ណ អត្តសញ្ញាណប័ណ្ណផុតសុពលភាព ត្រូវរួសរាន់ទៅធ្វើអត្តសញ្ញាណប័ណ្ណឡើងវិញ ដើម្បីទទួលបានសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០២៣ ខាងមុខ ។ ក្រៅពីនេះ សូមប្រជាពលរដ្ឋទាំងអស់ បន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសបន្តបន្ទាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ។
យោងតាមរបាយការណ៍របស់លោក លឹម ចាន់សូភី ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្ត បានឱ្យដឹងថា ខេត្តមណ្ឌលគិរី បានវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានចំនួន ១២ ភូមិ ស្មើនឹង ៤៨២៧ បណ្ណ ហើយសម្រាប់ភូមិជ្រៃសែន មានចំនួន៣៩០ គ្រួសារ មានចំនួន ៤៦១ក្បាលដី ស្មើនឹងជាង ១៥០ ហិកតា ។
ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍និងផ្ដាំផ្ញើ ណែនាំជូនប្រជាពលរដ្ឋដែលមានខ្លឹមសារនិងជាសារដាស់តឿនឲ្យប្រជាពលរដ្ឋទាំងអស់ខិតខំបំពេញជាពលរដ្ឋល្អដោយកុំរំលោភលើដីចំណីអូនិងផ្លូវថ្នល់ចំណីផ្លូវ ជារបស់រដ្ធនិងជារបស់សាធារណៈបន្តទៀតដើម្បីឲ្យខេត្តមានការរីកចម្រើននិងសណ្ដាប់ធ្នាប់ល្អនិងបន្តអភិវឌ្ឍន៍ខេត្តនិងប្រទេសជាតិយើងឲ្យកាន់តែមានភាពល្បីល្បាញឡើងនិងសំណូមពរដល់ប្រជាពលរដ្ឋដែលមានដីហើយមានប្លង់រឹងកាន់កាប់សូមជួយបង្កើនភោគផលដំណាំឬអភិវឌ្ឍន៍លើដីដែលខ្លួនមានឲ្យបានជាប្រយោជន៍ដើម្បីសេដ្ឋកិច្ចខេត្តទាំងមូល ៕ដោយ:វេហា
https://www.rmn.asia