ក្រោយ​រកឃើញ​សត្វ​ជ្រូក​៥០​ក្បាល មានជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ ​មន្ត្រី​ជំនាញ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បានដុត​កម្ទេចចោល​

ខេត្ត​តាកែវ៖ បេីយោង​តាមលោក តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៅព្រឹក​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២១នេះ​ បានសម្រេច​ដុត កម្ទេចចោល សត្វ​ជ្រូក​ចំនួន ៥០ ក្បាល ​នៅក្នុង ភូមិសាស្ត្រ ស្រុក​បាទី ខេត្តតាកែវ​ ក្រោយពី​បាន​រកឃើញថា សត្វ​ជ្រូក​ទាំងនោះ ត្រូវបាន​ឈ្មួញ លួច​នាំចូល​ពី​ក្រៅប្រទេស​ហើយ​មាន​ផ្ទុក​ជំងឺ ប៉េស្ត ជ្រូក​អាហ្វ្រិក​។​ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បានថ្លែងបន្តថា៖ សត្វ​ជ្រូក​ដែល​ដុត​បំផ្លាញចោលខាងលើនេះ ចំនួន ៥០ក្បាល ជា​ជ្រូក​ដែល​ក្រុម​ឈ្មួញ នាំចូលពី​ប្រទេស​ថៃ ដោយ​ខុសច្បាប់ និង​ចាប់បានកាលពី​សប្តាហ៍​មុន នៅ​ទីសត្តឃាតមួយកន្លែង នៅក្នុង​ខណ្ឌ​ច្បារអំពៅ និង​ភូមិ​ដំណាក់​ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​ ​លោកអគ្គនាយក បន្ថែមទៀតថា នៅក្នុង​រយៈពេល ៥​ខែ​ដើមឆ្នាំ​២០២១​នេះ មន្ត្រី​សមត្ថកិច្ច ជំនាញ បាន​បង្ក្រាប​សត្វ​ជ្រូក ដែល​ក្រុម​ឈ្មួញ លួច​នាំចូល​ពី ក្រៅប្រទេស បាន​ចំនួន ៣១ ករណី ហើយ​នេះ គឺជា​លើក​ទី​៤​ហើយ​ដែលមាន ការដុត​កម្ទេចចោល​ស​ត្វ​ជ្រូក លួច​នាំចូល បន្ទាប់ពី​រកឃើញ​មាន​ជំងឺប៉េស្ត​ជ្រូក អាហ្វ្រិក​។​ លោក ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កំពុងតែ ពង្រឹង​វិធានការ ទប់ស្កាត់​ការនាំ​ចូល ផលិតផល​កសិកម្ម ពី​បរទេស ដោយ​បង្កើន ផលិតផល ក្នុងស្រុក ឱ្យបាន​ល្អប្រសើរ​ឡើងវិញ ហើយ​ជាការ​កត់សម្គាល់ ឃើញថា ការចិញ្ចឹម​ជ្រូក​ក្នុងស្រុក បាន​កើនឡើង ១០ ភាគរយ​បន្ទាប់ពី​កាត់បន្ថយ ការនាំ​ចូល​។​ ជាមួយគ្នានេះ លោកអគ្គនាយក បាន​ឆ្លៀត​យក​ឱកាស​នេះ អំពាវនាវ​ឱ្យ​ក្រុម​ឈ្មួញ បញ្ឈប់​ការ​លួច​នាំចូល ពី​ក្រៅប្រទេស ក៏ដូចជា ស្នើ​ដល់​ប្រជាពលរដ្ឋ​ជួយ រាយការណ៍ ដល់​សមត្ថកិច្ច ក្នុងករណី​សង្ស័យ ឃើញ​មានការ​លួចលាក់ នាំចូល​ដោយ​ខុសច្បាប់ សំដៅ​ទប់ស្កាត់​នូវ ជំងឺ​សត្វ​ជ្រូក​នេះ​។​ បន្ថែមពីនេះ លោកថា កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានប្រកាស​ឱ្យ​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន ចំពោះ​ការឆ្លង​ជំងឺប៉េស្ត ជ្រូក​អាហ្វ្រិក ក្រោយ​រកឃើញ សត្វ​ជ្រូក​ដែល​នាំចូល ពី​ប្រទេស​ថៃ មាន​កើត​ជំងឺ​នេះ​។​ ​គួរជម្រាបថា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​ផ្ទុះឡើងកាលពី​ខែសីហា ឆ្នាំ​២០១៨កន្លងទៅ ក្នុងប្រទេស​ចិន ហើយ​បាន​រីក​រាលដាល ដល់​ប្រទេស​វៀតណាម កាលពីដើមឆ្នាំ​២០១៩ និង​បាន​ឆ្លង​ចូលដល់​កម្ពុជា ដោយបាន​ធ្វើឱ្យ​សត្វ​ជ្រូក ងាប់​ជាង ៤.០០០ ក្បាល និង​ខាតបង់ គិត​ជា​ទឹកប្រាក់ អស់​ប្រមាណ​ជា ៨០ ម៉ឺន​ដុល្លារ​អាមេរិក​៕នវ

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *