លោក ហែម ដារិទ្ធិ អនុសាខាកាកបាទក្រហមដឹកនាំក្រុមការងារ យកអំណោយមនុស្សធម៌ចែកជូនចាស់ជរា ជនពិការនិងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងសង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ : នាព្រឹកថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២១នេះ នៅបរិវេណវត្តជម្ពូវ័ន ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោក ហែម ដារិទ្ធិ ប្រធានកិត្តិយសអនុសាខា និងជាអភិបាលខណ្ឌ បានចុះសាកសួរសុខទុក្ខ និងនាំយកនូវអំណោយមនុស្សធម៌ទៅចែកជូនដល់ចាស់ជរា ជនពិការ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត សរុបចំនួន៤៧គ្រួសារ រស់នៅសង្កាត់ចោមចៅទី៣ ។ក្នុងឱកាសនេះ លោកប្រធានកិត្តិយសអនុសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែយកចិត្តទុកដាក់ខ្ពស់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោលគឺ “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោល” ។ លោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយត្ន័បន្ថែមទៀត ជាពិសេសសូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនពីជំងឺកូវីដ១៩គឺ ៣ការពារ និង ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ។ អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ ម៉ាស់១ប្រអប់ និងថវិកាចំនួន៣ម៉ឺនរៀល ៕