លោក ស៊ុន ចាន់ថុល សម្រេចបញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុនធ្វើផ្លូវជាតិលេខ ៣ ពីកំពតទៅវាលរិញ បន្ទាប់ពីរកឃើញខ្វះបច្ចេកទេសក្នុងការស្ដារផ្លូវ

ភ្នំពេញ: លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន សម្រេច​បញ្ចប់​កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​ជាតិលេខ ៣ ពី កំពត ទៅ វាលរេញ (ប្រវែង​ប្រហែល​ជា ៥៤ គីឡូម៉ែត្រ) បន្ទាប់​ពី​រក​ឃើញ​ថា ក្រុមហ៊ុន​នេះ ខ្វះ​បច្ចេកទេស​ក្នុង​ការ​ស្តារ​ផ្លូវឱ្យ​រឹងមាំ។ ក្នុង​ឱកាស​ចុះ​ពិនិត្យ​វឌ្ឍនភាព​សាង​សង់​ផ្លូវ​ជាតិ​លេខ ៣ (កំពត-វាលរេញ)នៅ​ថ្ងៃទី​ ៥ ខែ មិថុនា​នេះ រដ្ឋ​មន្រ្តី​ក្រសួង​សាធារណការ និងដឹក​ជញ្ជូន​លោក ស៊ុន ចាន់ថុល បាន​ថ្លែង​ថា ទោះ​បី​ជា​ក្រុមហ៊ុន​ដេញ​ថ្លៃ KCI បាន​ស្តារ និង​ជួស​ជុល​ផ្លូវ​រួច​ហើយ​ចំនួន ៣០ គីឡូវម៉ែត្រ​ក្តី ក្នុង​ចំណោម ៥៤ គីឡូ​ម៉ែត្រ ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា ផ្លូវ​មិន​ទាន់​មាន​គុណភាព​គ្រប់គ្រាន់​នៅ​ឡើយ​ទេ។ លោកថា៖«ផ្លូវជាតិលេខ ៣ (កំពត-វាលរេញ) មាន​ការ​ខូចខាត សង្កេត​ឃើញ​ថា ផ្លូវ​ដែល​ធ្វើ​រួច​ហើយ​ខូច​ទៅ​វិញ ធ្វើ​មុខ​ខូច​ក្រោយ ធ្វើក្រោយ​ខូច​មុខ»។ លោកបន្តថា៖ «រដ្ឋ​លេខាធិការ​ក្រសួង សាធារណការ និង​ដឹក​ជញ្ជូន​ដែល​ជា​ម្ចាស់​គម្រោង ក៏​ខ្ញុំ​ផ្អាក​គាត់​លែង​ឱ្យ​គាត់​កាន់​គម្រោង​នេះ​ត​ទៅទៀត ក៏​អញ្ជើញ​ឯកឧត្តម រដ្ឋលេខាធិការ​ថ្មី មក​ជួយ​មើល​បន្ថែម​ផ្លូវ​ដែល​ត្រូវ​ជួសជុល​បន្ត។ ចំណែក ២០​គីឡូម៉ែត្រ​ទៀត គឺ​យើង​បញ្ឈប់​គាត់ បញ្ចប់​លែង​ឱ្យ​ក្រុមហ៊ុន​នេះ​សាង​សង់​ទៀត»។ លោកបាន​គូស​បញ្ជាក់​ថា ទោះ​បី​ក្រសួង សម្រេច​បញ្ចប់​កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន​ដែល​កាន់​គម្រោង​នេះ​ក្តី ប៉ុន្តែ​ក្រុមហ៊ុន នៅ​មាន​តួនាទីថែទាំ​ផ្លូវ​ដែល​ធ្វើ​រួច​រាល់​ចំនួន ៣៤ គីឡូរយៈ ៣ ឆ្នាំ​បន្ត​ទៀត។ លោក ស៊ុន ចាន់ថុល បាន​ឱ្យ​ដឹង​ថា ផ្លូវ​ជាតិ​លេខ ៣ (កំពត-វាលរេញ) ជា​គម្រោង​ស្តារ ជួស​ជុល ថែទាំ ដោយ​ប្រើ​ថវិកា របស់​ធនាគារពិភព​លោក ដាក់​ដេញ​ថ្លៃ​ទៅ​តាម​គោលការណ៍ និង តម្រូវការ​របស់​ធនាគារ​ពិភព​លោក។ លោកថា៖ «ក្រុមហ៊ុន​ដាក់​ដេញ​ថ្លៃ​បាន តម្លៃ​ជួស​ជុល​ថែទាំ​ ៣ ឆ្នាំ និង​ជួស​ជុល ២ ឆ្នាំ សរុប​ទៅ ៥ ឆ្នាំ តម្លៃ ៨ លាន​ដុល្លារ។ ក្រោយពី​បាន​ចុះ​មក​ពិនិត្យ​ច្រើន​ដង​ហើយ ឃើញ​ថា​កន្លែង​មួយ​ចំនួន​ត្រូវ​តែកែ អ៊ី​ចឹង​យើង​ស្នើ​សុំ​ទៅ​ធនាគារ​ពិភព​លោក គេ​ផ្តល់ ថវិកា ៨លាន អ៊ីចឹង​សរុប​ទាំងអស់​ផ្លូវ​នេះ​ចំណាយ​អស់ ១៦ លាន​ដុល្លារ»។ លោកបន្ថែមថា ផ្លូវដែលនៅ​សេស​សល់​ចំនួន ២០ គីឡូម៉ែត្រ​ទៀត ត្រូវ​ផ្ទេរ​មក​ក្រសួង​ជា​អ្នក​ធ្វើ​បន្ត​ជួស​ជុល ថែទាំ ដែល​នឹង​ត្រូវ​ចំណាយទឹក​ប្រាក់​ប្រមាណ ៧០​ ​ម៉ឺន​ដុល្លារ។ លោកថា៖«ផ្លូវ ២០ គីឡូម៉ែត្រនេះ​យើង​មិន​ធ្វើ​ឡើង​វិញ​ទេ គ្រាន់​តែ​ចាក់​មួយ​សន្ទាប់​បណ្តោះ​អាសន្ន​ឱ្យ​ឡាន​ធ្វើ​ដំណើរ​បាន​រហូត​ដល់​ខែ ១១ ឬ ១២ រង់ចាំ​សិក្សា​ឱ្យ​បាន​លម្អិត តាម​លក្ខណៈ​បច្ចេកទេស​ត្រឹម​ត្រូវ និង​រក​ថវិកា​ត្រឹម​ត្រូវ​គ្រប់​គ្រាន់ ទើប​យើង​ធ្វើ​បាន​ល្អ »៕pp

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *