សម្ដេចតេជោហ៊ុនសែនផ្ដល់ថវិកាសម្រាប់ជួសជុលផ្លូវមួយខ្សែនៅខណ្ឌព្រែកព្នៅ
រាជធានីភ្នំពេញ : សម្ដេចតេជោ ហ៊ុន សែន ផ្ដល់ថវិកាសម្រាប់ជួសជុលផ្លូវមួយខ្សែនៅខណ្ឌព្រែកព្នៅ ចាប់ពីគល់ស្ពានឡុងឈិន ដល់ភ្នំប្រសិទ្ធិ លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាល ខណ្ឌព្រែកព្នៅ បានលើកឡើងថា ក្នុងនាមរដ្ឋបាលខណ្ឌព្រែកព្នៅ ក៏ដូចជាប្រជាពលរដ្ឋមានទីលំនៅអមសងខាងផ្លូវ១៥១ ក្នុងសង្កាត់ព្រែកព្នៅ សង្កាត់សំរោង និងសង្កាត់ពញ្ញាពន់ទាំងមូល មានសេក្តីត្រេកអរជាខ្លាំង ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ថវិកាសម្រាប់ជួសជុល និងពង្រីកផ្លូវ១៥១ តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានជួយសម្រួលក្នុងការជួសជុលផ្លូវ១៥១នេះឡើងវិញ ចាប់ពីគល់ស្ពានឡុងឈិនរហូតទៅដល់ភ្នំប្រសិទ្ធិ ជាប់ព្រុំប្រទល់ខេត្តកណ្តាល។នៅពេលឃើញក្រុមហ៊ុនចាប់ផ្តើមជួសជុល និងពង្រីកផ្លូវ១៥១ ឲ្យបានស្អាត និងធំទូលាយជាងមុន មន្ត្រីរាជការ នៃរដ្ឋបាលខណ្ឌព្រែកព្នៅ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន មានការត្រេកអរជាខ្លាំង ដែលផ្លូវ១៥១នេះ បានកែប្រែមុខមាត់ថ្មីមានការពង្រីកធំជាងមុន និងចាក់បេតុងស្អាតជាងមុន ហើយក្នុងនាមប្រជាពលរដ្ឋ សូមថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចជាកាលតែងតែចិត្តទុកដាក់សុខទុក្ខរបស់ប្រជាពលរដ្ឋ ជានិច្ចរៀងរហូតមក។រដ្ឋបាលខណ្ឌព្រែកព្នៅ សូមគោរពជូនពរបវរមហាប្រសើរជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី និងចៅៗ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ឈ្នះអស់មារសត្រូវ ដើម្បីដឹកនាំនាវាកម្ពុជា មានសុខសន្តិភាពរហូតតរៀងទៅ។ បន្ថែមពីនេះ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញផងដែរ។លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បន្តថានៅចំពោះមុខលោក និងខិតខំយកចិត្តទុកដាក់រៀបចំកសាង និងអភិវឌ្ឍន៍លើវិស័យនានាក្នុងខណ្ឌ ពិសេសការរៀបចំកែលំអរ សោភ័ណភាព ផ្លូវជាតិលេខ៥ ផ្លូវ១៥១ និងទីប្រជុំជនបន្ថែមទៀត ក្នុងការចូលរួមប្រលងប្រណាំង ទីក្រុងស្អាត ធានាបាននូវបរិស្ថានល្អ ប្រកបដោយសក្តានុពល សេដ្ឋកិច្ចសង្គម លើកស្ទួយជីវភាពរស់នៅប្រកបដោយវិបុលភាព ផាសុខភាពសុខមាលភាពជូនប្រជាជនទូទាំងខណ្ឌប្រកបដោយចីរភាព និងបរិយាប័ន្ន។លោកអភិបាលខណ្ឌបានបន្ថែមថា «ខ្ញុំនឹងខិតខំធ្វើការបម្រើប្រជាជន និងប្រទេសជាតិឲ្យបានល្អ ធ្វើយ៉ាងណាឲ្យប្រជាជនយើងរស់នៅក្នុងសុខសន្តិភាព និងមានជីវភាព សម្បូរសប្បាយ។ បន្តការខិតខំទប់ស្កាត់ លុបបំបាត់រាល់បាតុភាពអសកម្មនានាទាំងឡាយដែលធ្វើឲ្យប៉ះពាល់ បង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ចូលរួមចំណែកលើកកំពស់ជីវភាព រស់នៅ សុខមាលភាពការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ពង្រឹងការអនុវត្តច្បាប់ គ្មានការលើកលែង»។បន្ថែមពីនេះ ជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីបន្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម រក្សាស្ថេរភាពនយោបាយ និងភាពសុខដុមនីយកម្ម ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើងថែមទៀត យកចិត្តទុកដាក់ អនុវត្តគោលនយោបាយកំណែទម្រង់ ស៊ីជម្រៅមុតស្រួច ជាពិសេសគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការដើម្បីការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមកម្មវិធីជាតិ រយៈពេល១០ឆ្នាំ ផែនការយុទ្ធសាស្រ្ត រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ក្នុងតំណាក់កាលបន្តឲ្យទទួលបាន លទ្ធផលជាវិជ្ជមាន៕