គ្រោះថ្នាក់ចរាចរណ៍ ឪពុកដឹកកូន២នាក់ ចេញពីផ្ទះម្តាយ ត្រឡប់ទៅផ្ទះវិញ ស្រាប់តែជិះម៉ូតូទាក់ដៃចង្កូត រអិលកូនធ្លាក់ ត្រូវរថយន្តកិនស្លាប់ភ្លាមៗ ក្នុងខណ្ឌមានជ័យ
ភ្នំពេញ : នៅ យប់ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។កុមារីម្នាក់អាយុ២ខួប ត្រូវបានបាត់បង់ជីវិតភ្លាមៗ ចំណែកឯកុមារ៉ាត្រូវជាបង មិនមានរងរបួសនោះទេ បន្ទាប់ពីឪពុកបានដឹកទៅលេងផ្ទះលោកយាយ រួចបានដឹកត្រឡប់ទៅផ្ទះវិញ ស្រាប់តែជិះម៉ូតូទៅទាក់ដៃចង្កូត ជាមួយនឹងរថយន្តធ្លាក់កូនចូលក្រោមកង់រថយន្ត កិនបែកខួរស្លាប់យ៉ាងអាណោចអាធ័ម។សពក្មេងស្រីមានឈ្មោះ មរកត ភេទស្រីអាយុ 2 ឆ្នាំ មានទីលំនៅក្នុងសង្កាត់ផ្សារកណ្តាលខណ្ឌដូនពេញ។នៅមុនពេលកើតហេតុ ឪពុកក្មេងស្រីរងគ្រោះបានជិះម៉ូតូម៉ាកហុងដាស្គុបពី ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ1HR-7820 បានជិះឌុបកូន២នាក់ ទៅលេងផ្ទះម្តាយបង្កើត ត្រូវជាលោកយាយក្មេងទាំង២នាក់ នៅម្តុំបឹងទំពុន ក្រោយមកឪពុកក្មេងរងគ្រោះ គាត់ក៏បានដឹកកូនត្រឡប់មកផ្ទះវិញ ស្របពេលមេឃកំពុងតែភ្លៀងធ្លាក់ខ្លាំង គាត់បានជិះម៉ូតូតាមផ្លូវ៣៧១ ក្នុងទិសដៅពីត្បូងមកជើង ខណៈមកដល់ចំណុចកើតហតុ ស្រាប់តែជិះទៅទាក់ដៃចង្កូត ជាមួយនឹងរថយន្តមិនចាំម៉ាក បណ្តាលឲ្យរអិលកុម៉ារីរងគ្រោះ អង្គុយនៅខាងមុខ ធ្លាក់ចូលក្រោមកង់រថយន្តមិនចាំម៉ាក កិនបែកខួរស្លាប់ភ្លាមៗ ចំណែករថយន្តបង្កបានបើកទៅមុខរត់គេចខ្លួនបាត់ស្រមោល ៕