ភ្នំពេញ ៖ ពិតជាផ្កើននិងប្រសាសន៍ ប្រមុខរាជរដ្ឋាភិបាលមែន.! ចេញបញ្ជាឲ្យបង្ក្រាបបទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ទំរង់ នៅក្នុងក្របខណ្ឌទូទាំងប្រទេស ក៏ប៉ុន្តែម្ចាស់ទីតាំងមានយីហោ( ក្លឹបបាល់ទះរ៉ូឡង់ )ដែលមានទីតាំងនៅក្នុងនៅចំនុច ផ្លូវ៩៩ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ បើកឲ្យមនុស្សចូលលេងល្បែងជល់មាន់តាមអនឡាញតាមទូរសព្ទដៃ និងល្បែងបៀរ យ៉ាងគគ្រឹកគគ្រេងដោយគ្មានការទប់ស្កាត់ និងបង្ក្រាប ពីសំណាក់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានសោះឡើយ។
សព្វថ្ងៃនេះ គេសង្កេតឃើញអ្នកញៀនល្បែងជាច្រើននាំគ្នាចូលលេងយ៉ាងពពាក់ពពូន នៅក្នុងទីតាំងក្លឹបបាល់ទះរ៉ូឡង់ រហូតអ្នកខ្លះចាញ់ លក់អស់ទ្រព្យសម្បត្តិជាច្រើន ព្រមទាំងមានអំពើហិង្សាក្នុងគ្រួសារទៀតផង។
បុរសម្នាក់ រស់នៅក្នុងសង្កាត់ឫស្សីកែវ សុំមិនបញ្ចេញឈ្មោះ ខ្លាចខ្មាសគេ បានលើកឡើងថា កន្លងមក ខ្លួនធ្លាប់លង់ចាញ់ល្បែងក្នុងក្លឹបបាល់ទះខាងលើដែលបង្កប់ដោយល្បែងជល់មាន់តាមទូរសព្ទដៃនិងបៀរ ក្នុងរយៈពេលជាងមួយខែមកនេះ ហើយសម្រេចចិត្តលក់ទ្រព្យសម្បត្តិ ដើម្បីបានលុយចូលលេងស្រង់ដើម ប៉ុន្តែនៅតែចាញ់ងើបមុខមិនរួចដដែល។
អ្នកស្រង់ដើមរូបនេះ បាននិយាយបន្តទៀតថា មិនមែនត្រឹមតែរូបខ្លួនម្នាក់ទេ ដែលលង់ចាញ់ល្បែងក្នុងក្លឹបបាល់ទះរ៉ូឡង់ដែលបង្កប់ល្បែងស៊ីសង គឺមានអ្នកចូលលេងជាច្រើននាក់ទៀត ខ្លះលក់អស់ទ្រព្យសម្បត្តិ អស់ពីខ្លួន ព្រាត់ប្រាស់ក្រុមគ្រួសារ ដោយសារចាញ់ល្បែងច្រើនពេក នៅក្នុងក្លឹបបាល់ទះខាងលើនេះហើយ។
ប្រភពដែលស្និតនិងក្លឹបបាល់ទះ រ៉ូឡង់បានរៀបរាប់ថា ទីតាំងនេះចាប់តាំងពីឱ្យអ្នកលេងល្បែង ដំណើរការ គេសង្កេតឃើញអ្នកញៀនល្បែងចូលលេងជារៀងរាល់ថ្ងៃ ដែលម្ចាស់ទីតាំងឈ្មោះមុំ និង ឈ្មោះឆៃ សម្រាប់ដើរប្រមូលលុយតុងនៅពេលចូលក្នុងក្លឹបបាល់ទះលេងល្បែង គឺចាប់ផ្ដើមពីម៉ោង១៥:៣០នាទី រហូតដល់ម៉ោង១៧:៣០ល្ងាចប្រមូលលុយថ្លៃតុងម្តង និងចាប់ពីម៉ោង១៧:៣០នាទីរហូតដល់យប់ប្រមូលលុយតុងថ្លៃទីតាំងម្ដងទៀត។
មហាជនក្នុងសង្កាត់ឫស្សីកែវ ផ្ទុះការរិះគន់ថា ទីតាំងក្លឹបបាល់ទះរ៉ូឡង់នៅមិនឆ្ងាយពីផ្ទះលោកមេប៉ុស្តិ៍ឬស្សីកែវឡើយមានចម្ងាយប្រហែល៧០ម៉ែត្រ ទៅ ១០០ ម៉ែត្រតែប៉ុណ្ណោះ ហេតុអ្វីបានជាលោក ទូច គឹមសុង មេប៉ុស្តិ៍ឬស្រីកែវ មើលមិនឃើញ កាលដែលក្លឹបបាល់ទះយីហោ (រ៉ូឡង់) បើកឲ្យអ្នកញៀនល្បែងចូលលេងល្បែងភ្នាល់ដាក់ប្រាក់ យ៉ាងពពាក់ពពូនដោយខុសច្បាប់បែបនេះ ទំនងមានការបិទភ្នែក បិទត្រចៀក ពីសំណាក់អាជ្ញាធរខណ្ឌឫស្សីកែវ ហើយមើលទៅ ដើម្បីចែកប្រយោជន៍គ្នាក៍ថាបាន ទើបសមត្ថកិច្ចព័ន្ធមិនធ្វើការបង្ក្រាប តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ។
ប្រភពខាងលើឲ្យដឹងថា ក្លឹបបាល់ទះយីហោ (រ៉ូឡង់)អួតអាងថា វង់ល្បែងរបស់ខ្លួនខាងលើ មានសុវត្ថិភាពខ្លាំងណាស់ គ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយ បើទោះបីជារាជរដ្ឋាភិបាល កំពុងដាក់បទបញ្ជាឲ្យបង្ក្រាបល្បែងខុសច្បាប់ និងមានច្បាប់នៅទូទាំងប្រទេសក៏ដោយ ព្រោះមានមន្រ្តីដ៏មានអំណាច ជាអ្នកចាំការពារ សូម្បីតែលោក ហ៊ាង ថាវរ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ក៏មិនហ៊ានចេញមុខបង្រ្កាបដែរ ។
ទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋស្នើដល់ឯកឧត្តម ឃួន ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ គួរតែចាត់គណៈបញ្ជារការឯកភាពចុះពិនិត្យនិងធ្វើការបង្ក្រាបទីតាំងបើកលេងល្បែងសុីសងខាងលើផង ដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់នៃប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់បទបញ្ជារដល់អាជ្ញាធរ ទូរទាំងប្រទេស អោយបិទល្បែងសុីសងទាំងអស់៕
https://www.rmn.asia