ខេត្តត្បូងឃ្មុំ ៖ ទំនិញខូចគុណភាពទាំង នេះ ដោយយោងតាមគោលការណ៍អនុញ្ញាតពីព្រះរាជ អាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នាថ្ងៃទី ១៥ ខែវិច្ឆិកាឆ្នាំ២០២២ ត្រូវបានធ្វើពិធីដុតកម្ទេចចោលនៅបរិវេណខាងក្រោយមន្ទីរ ក.ប.ប ខេត្ត ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
រយៈពេល៣ខែ ចាប់ពីខែសីហា ដល់ខែ តុលា ឆ្នាំ២០២២ មន្ត្រីស៊ើបអង្កេតនៃសាខាការពារអ្នក ប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.)ខេត្តត្បូងឃ្មុំចុះអនុវត្តន៍ត្រួតពិនិត្យ ធ្វើតេស្ត រកឃើញ ធ្វើការប្រមូលដកហូតទំនិញក្លែងក្លាយ ខូច គុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងមានលាយលំសារធាតុគីមី សរុបប្រមាណ៣ ៣០០គីឡូក្រាម ដែលដាក់តាំងលក់នៅតាមផ្ទះ ហាងទំនើប និងទីផ្សារនានានៅទូទាំងខេត្តត្បូងឃ្មុំ។
សកម្មភាពដុតកម្ទេចចោលនេះ ធ្វើឡើងដោយលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តត្បូងឃ្មុំ ដឹកនាំមន្ត្រី ក.ប.ប ខេត្ត សហការជាមួយសាលាដំបូងខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរព័ត៌មានខេត្ត រួមជាមួយរដ្ឋបាលបណ្តាក្រុង/ស្រុកទាំង ៧ ក្នុងខេត្ត អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ។
បើតាមលោក សាន វិជ្ជាសារ៉ាវុធ ប្រធាន សាខា ក.ប.ប. ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថាផលិតផលម្ហូបអាហារខូច គុណភាពទាំងនេះគឺមាន ភេសជ្ជៈទឹកក្រូចស្រាបៀរ នំកញ្ចប់ ជាដើម ដែលធ្វើឲ្យមានផលប៉ះពាល់ដល់ សុខភាពអ្នកប្រើប្រាស់។
ជាមួយគ្នានោះ លោកប្រធានសាខា ក.ប.ប. ខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករសូមប្រុងប្រយ័ត្នមុននឹងទិញ ក៏ដូចជាប្រើប្រាស់ទំនិញនានាលើទីផ្សារ ត្រូវពិនិត្យប្រភពឱ្យបានច្បាស់លាស់ជាមុនសិន ជៀសវាងប៉ះផលិតផលក្លែងក្លាយ ខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងមានលាយលំសារធាតុគីមី ធ្វើឱ្យបងប្អូនអ្នកប្រើប្រាស់ ទទួលរងប៉ះពាល់សុខភាពទៅថ្ងៃក្រោយ។
ជាងនេះទៀត អ្នកផលិត និងអ្នកលក់ សូមកុំក្លែងបន្លំ និងបន្ថែមសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យខូចសុខភាពអ្នកទទួលទាន ព្រោះជាអំពើខុសច្បាប់ ដែលនឹងត្រូវប្រឈមទទួលទោសចំពោះមុខច្បាប់ជាធរមាន៕
https://www.rmn.asia