ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទីថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ នៅសាលសន្និសីទចតុម្មុខ និងតាមរោងភាពយន្តមួយចំនួននៅរាជធានីភ្នំពេញ។

មហោស្រពជាតិភាពយន្ត ខ្នាតខ្លីកម្ពុជា លើកទី៤ ក្រោមប្រធានបទ ភាពយន្តខ្នាតខ្លី ជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង ក្នុងគោលបំណងលើកទឹកចិត្ត ដល់យុវជន បញ្ចេញគំនិតច្នៃប្រឌិត ចែករំលែកនូវព័ត៌មាន ដែលពួកគេមាន តាមរយៈអេក្រង់ ឬ ផ្ទាំងសំពត់ស និង ជាជំហានដំបូង ក្នុងការនាំពួកគេឱ្យក្លាយជាផលិតករភាពយន្ត។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ នៅថ្ងៃទី២ ខែសីហានេះ លោក ប៉ុក បូរក្សប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤បានជំរុញលើកទឹកចិត្តដល់យុវជនឱ្យចូលរួមប្រកួតប្រជែងនូវ មហោស្រពជាតិភាពយន្ត ខ្នាតខ្លី កម្ពុជាលើកទី៤នេះឱ្យបានច្រើនដើម្បីទទួលបានចំណេះដឹងបទពិសោធន៍ ថវិកាលើកទឹកចិត្ត និងកិត្តិយស់។
លោកបញ្ជាក់ថា៖ « ការរៀបចំសន្និសីទសារព័ត៌មានរបស់យើងនៅថ្ងៃនេះ ចង់បញ្ជ្រាបនូវព័ត៌មានដល់សាធារណជនជាពិសេសយុវផលិតករវ័យក្មេងរបស់យើង ផលិតនូវស្នាដៃភាពយន្តចូលរួមផលិតជាភាពយន្តចូលប្រកួតប្រជែងឱ្យបានច្រើន។ គោលដៅសំខាន់ឱ្យយុវជនបង្កើតនូវគំនិតច្នៃប្រឌិតថ្មីៗតាមរយៈភាពយន្ត ។

ជាវេទិកាវាស់ស្ទង់សមត្ថភាពស្នាដៃរបស់ខ្លួន ។ ព្រឹត្តិការណ៍មហោស្រពនេះ គឺបានចូលរួមចំណែកថែរក្សាវប្បធម៌ជាតិ បង្ហាញពីកត្តាសុខសន្តិភាពដែលកម្ពុជាអាចធ្វើបាន។ »
ឯកឧត្តមឯក ប៊ុនថា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធនានាក្នុងដំណើរការរៀបចំព្រឹត្តិការណ៍មហោស្រពឆ្នាំនេះ ។
ឯកឧត្តមបន្តថា ចាប់តាំងពីការបង្កើតនៅឆ្នាំ២០១៦មក មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតធនធានមនុស្សថ្មីៗ ប្រកបដោយគំនិតច្នៃប្រឌិត ព្រមទាំងបានបង្កប់នូវអត្ថន័យខ្លឹមសារអប់រំ សីលធម៌ គុណធម៌ និងអត្តសញ្ញាណជាតិ ដែលសកម្មភាពទាំងនេះ មិនត្រឹមតែបានជួយអភិវឌ្ឍន៍ឧស្សាហកម្មភាពយន្តកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងបានចូលរួមចំណែកសំខាន់ក្នុងការថែរក្សា ការពារវប្បធម៌ ប្រពៃណីទំនៀមទំលាប់របស់ជាតិយើងថែមទៀត។

ជាមួយគ្នានេះ ឯកឧត្តមចាប់អារម្មណ៍ខ្ពស់ចំពោះគំនិតផ្តួចផ្តើមរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា ដែលផ្តោតសំខាន់លើជំនាញសរសេរអត្ថបទភាពយន្ត ជំនាញដឹកនាំរឿង ជំនាញថតភាពយន្ត ព្រមទាំងជំនាញផ្សេងៗទៀត ក្នុងរយៈពេលបីខែគិតពីខែកក្កដា ដល់ខែកញ្ញាឆ្នាំ២០២៤ ដែលជាការបណ្តុះបណ្តាលនេះបានផ្តល់ឱកាស និងលើកកម្ពស់សមត្ថភាពចំណេះដឹងមូលដ្ឋានបន្ថែមទៀត លើបច្ចេកទេសជំនាញនៃការផលិតភាពយន្ត ជូនដល់យុវផលិតករវ័យក្មេងរបស់យើង។

សកម្មភាពនេះ ក៏បានរួមចំណែកសំខាន់ក្នុងគោលដៅជំរុញ និងលើកកម្ពស់ឧស្សាហកម្មភាពយន្តកម្ពុជាឱ្យមានការរីកចម្រើនប្រកបដោយចីរភាពនៅថ្ងៃអនាគត។
សូមបញ្ជាក់ថា ជ័យលាភីលេខ១ទទួលបានពានមាសអមដោយថវិកា៣០០០ដុល្លារ ខណៈលេខ២ទទួលបានពានប្រាក់ អមដោយថវិកា២០០០ដុល្លារ និងលេខ៣ទទួលបានពានសំរិទ្ធ អមដោយថវិកា១០០០ដុល្លារ។

ចំណែកចំណាត់ថ្នាក់លេខ៤ ជាពានរង្វាន់មេប្រយោគទទួលបានពានអមដោយថវិកា១០០០ដុល្លារ និងលេខ៥ ជាពានរង្វាន់ទស្សនិកជនទទួលបានពាននិងអំណោយតម្លៃចន្លោះពី១០០០ទៅ២០០០ដុល្លារ៕
អត្ថបទដោយវិទ្យុមិត្តភាពកម្ពុជាចិន

🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍ ៖

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *