ក្នុងប្រតិបតិ្តការ JUMITA នគរបាលបានរឹបអូសថ្នាំញៀនកូកាអ៊ីនចំនួន ១,៦តោន និងទឹកប្រាក់ចំនួន ១៦,៥ លានផោន ដែលជាការរឹបអូសធំបំផុតពីក្រុមឧក្រិដ្ឋជនក្នុងប្រទេសអេស្បាញ
(Eruopol) ៖ ដោយមានការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការសហភាពអឺរ៉ុបសម្រាប់អនុវត្តច្បាប់ (Europol) និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុអឺរ៉ុប (EFECC) សមត្ថកិច្ចអេស្បាញ បានបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មដែលបានជួញដូរថ្នាំញៀនកូកាអ៊ីនពីអាមេរិកខាងត្បូងទៅកាន់កំពង់ផែ Algeciras ក្នុងប្រទេសអេស្ប៉ាញ ។ បណ្តាញក្រុមឧក្រិដ្ឋជននេះមានសមត្ថភាពគ្រប់គ្រងទូកុងតឺន័រដែលចរាចរណ៍តាមសមុទ្រមកពីអាមេរិកខាងត្បូង ។
បណ្តាញឧក្រិដ្ឋកម្មនេះមានបុគ្គលិកដែលធ្វើការតាមផ្នែកផ្សេងៗគ្នា នៅឯកំពង់ផែ Algeciras។ បុគ្គលិកទាំងនោះ រួមមានកម្មករមកពីស្ថានីយកុងតឺន័រកំពង់ផែចំនួន ០១ នាក់ និងកម្មករមកពីប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនចំនួន ០២នាក់ និងមកពីសេវាកម្ម ជំនួយតាមសមុទ្រ (SAM) ចំនួន ០៤នាក់ និងកម្មករកំពង់ផែ អ្នកទទួល និងដឹកជញ្ជូនទំនិញ រួមទាំងអ្នករត់សំបុត្រមួយចំនួនទៀត។
ជាលទ្ធផលនៃប្រតិបត្តិការនេះ ៖
• បានចាប់ខ្លួនមនុស្សចំនួន ២៩ នាក់
• បានរឹបអូស ថ្នាំញៀនកូកាអ៊ីនចំនួនប្រហែល ១៦០០គីឡូក្រាម និង
• ទឹកប្រាក់ប្រមាណ ១៦.៥លានផោន។
សមត្ថកិច្ចអេស្ប៉ាញបានចាប់ផ្តើមការស៊ើបអង្កេតកាលពីខែសីហាឆ្នាំ២០២០។ កាលថ្ងៃទី២៩ ខែមេសា ក្នុងឆ្នាំនេះ បណ្តាញស៊ើបការណ៍សម្ងាត់ត្រូវបានទទួលដំណឹងថា បណ្តាញឧក្រិដ្ឋកម្មមានបំណងដឹកជញ្ជូនថ្នាំញៀនកូកាអ៊ីនដ៏ធំមួយលាក់នៅក្នុងចំណោមសាច់ត្រីបង្កក ហើយបានឆ្ពោះដោយផ្ទាល់ទៅកាន់កំពង់ផែ Algeciras ។
មានជនជាតិអេស្ប៉ាញម្នាក់ដែលកំពុងរត់គេចពីការអនុវត្តច្បាប់អេស្ប៉ាញ ត្រូវបានចាប់ខ្លួននៅទីក្រុង Amsterdam ប្រទេសហូឡង់។ ការចាប់ខ្លួននេះត្រូវបានធ្វើឡើងក្រោមដីការចាប់ខ្លួនរបស់អឺរ៉ុប ដែលចេញដោយអាជ្ញាធរយុត្តិធម៌ និងត្រូវបានអនុវត្តដោយមានការគាំទ្រពីសំណាក់នគរបាលហូឡង់។ បុគ្គលនេះបានរត់គេចខ្លួនចាប់តាំងពីឆ្នាំ ២០១៧ ដោយសារតែគាត់បានចូលរួមក្នុងប្រតិបត្តិការជួញដូរគ្រឿងញៀនមួយផ្សេងទៀត។
ដោយសារតែទំនាក់ទំនងជាអន្តរជាតិរបស់បណ្តាញឧក្រិដ្ឋកម្ម ការបង្ក្រាបនេះត្រូវបានគាំទ្រដោយ EFECC នៅ Europol ដែលគាំទ្រការស៊ើបអង្កេតសេដ្ឋកិច្ចប្រឆាំងនឹងបណ្តាញឧក្រិដ្ឋកម្ម និងជាប់ពាក់ព័ន្ធនឹងអំពើពុករលួយដែលត្រូវចោទប្រកាន់ជាមួយនឹងការគាំទ្រការវិភាគ និងប្រតិបត្តិការ។ ក្រុមអ្នកវិភាគចំនួនពីរនាក់ត្រូវបានបញ្ជូនទៅប្រទេសអេស្ប៉ាញដើម្បីអនុវត្តការត្រួតពិនិត្យទិន្នន័យជាក់ស្តែងអំឡុងថ្ងៃធ្វើប្រតិបត្តិការ ៕