ថ្ងៃទី ២២ ខែកញ្ញាឆ្នាំ ២០២៤ នេះគឺជាពិធីបុណ្យប្រមូលផលសម្រាប់កសិករលើកទី ៧ ។ ក្នុងទីវាដ៏ពិសេសនេះ មេដឹកនាំកំពូលរបស់ប្រទេសចិន លោក Xi Jinping ប្រធានរដ្ឋចិនបានអបអរសាទរដល់កសិករនិងបុគ្គលប្រកបមុខរបរការងារកសិកម្មនៅទូទាំងប្រទេសចិន ។ លោកបានគូសបញ្ជាក់ថា ធ្វើការខិតខំប្រឹងប្រែង ដើម្បីបង្កើនប្រសិទ្ធភាពនៃកសិកម្ម បង្កើនប្រាក់ចំណូលរបស់កសិករ និងបង្កើនកម្លាំងរស់រវើកតាមជនបទ ដើម្បីធ្វើឱ្យកសិករទទួលបានអត្ថប្រយោជន៍ដ៏ប្រាកដប្រជា។

នេះជាលើកទី ៧ ជាប់ៗគ្នាហើយដែលលោក Xi Jinping បានសម្តែងការសួរសុខទុក្ខនិងបង្ហាញពីការរំពឹងទុកចំពោះកសិករតាំងពីប្រទេសចិនបង្កើតទីវាប្រមូលផលសម្រាប់កសិករកាលពីឆ្នាំ ២០១៨មក។ តាមរយៈប្រសាសន៍របស់លោក យើងអាចយល់ពីការយកចិត្តទុកដាក់របស់លោក Xi Jinping ចំពោះកសិកម្ម កសិករ និងជនបទ។

ក្នុងនាមជាមេដឹកនាំកំពូលរបស់ប្រទេសចិន លោក Xi Jinping បានចុះត្រួតពិនិត្យការងារនៅវាលស្រែនៅតំបន់ភាគខាងកើត ខាងលិច ភាគខាងត្បូង ខាងជើង និងកណ្តាលរបស់ប្រទេសចិនជាច្រើនដង ដោយយកចិត្តទុកដាក់ចំពោះរបៀបបង្កបង្កើនផលនិងផលិតកម្មមានស្ថិរភាពរបស់ស្បៀង របៀបបង្ការនិងសង្គ្រោះគ្រោះមហន្តរាយ របៀបធ្វើទំនើបកម្មកសិកម្ម ប្រសិទ្ធភាពដោះស្រាយនិងគ្រប់គ្រងសំរាម បង្គន់អនាម័យ និងទឹកកខ្វក់ក្នុងជនបទ ការការពារអេកូឡូស៊ីនិងការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍និងវប្បធម៌ក្នុងជនបទ ការកសាងអរិយធម៌ជនបទ និងប្រាក់ចំណូលរបស់កសិករមានកើនឡើងឬអត់។ល។

លោក Xi Jinping បានថ្លែងថា “ប្រសិនបើប្រជាជនជាង ៤០០ លាននាក់នៅជនបទដើរតាមមិនទាន់ក្នុងដំណើរការធ្វើទំនើបកម្ម ហើយទីបញ្ចប់មានតែទីក្រុងរីកចម្រើននៅម្ខាង រីឯតំបន់ជនបទនៅតែអន់ថយនៅម្ខាង នោះវាមិនស្របតាមគោលបំណងនៃការគ្រប់គ្រងរបស់បក្សកម្មុយនីស្តចិនយើងទេ ហើយក៏មិនស្របតាមលក្ខខណ្ឌចាំបាច់នៃសង្គមនិយមដែរ ។ ត្រង់ចំណុចនេះ លោក Xi Jinping បានចាត់ទុកការខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីពង្រឹងនូវមូលដ្ឋានកសិកម្ម និងស្ដារជនបទឡើងដោយគ្រប់ជ្រុងជ្រោយជាអាទិភាពក្នុងការអនុវត្តធ្វើអភិបាលកិច្ចក្នុងការជំរុញទំនើបកម្មតាមបែបផែនចិន ។

ទិន្នន័យបានបង្ហាញឱ្យដឹងថា ក្នុងរយៈពេល ៧៥ ឆ្នាំដែលតាំងពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិនមក ទិន្នផលសរុបស្បៀងចិនបានកើនឡើងពី ១១៣.២ ពាន់លានគីឡូក្រាមក្នុងឆ្នាំ ១៩៤៩ ដល់ ៦៩៥.៤ ពាន់លានគីឡូក្រាមក្នុងឆ្នាំ ២០២៣ ដោយបានកើនឡើង ៦ដង ។

ជាពិសេស ក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ ខណៈពេលដែលប្រទេសចិនបានបង្កើនការការពារដីដាំដុះ និងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញវិស័យកសិកម្មតាមរយៈវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ហើយសមត្ថភាពផលិតចម្រុះខាងស្បៀងត្រូវបានលើកកម្ពស់ជាលំដាប់។ ក្នុងរយៈពេលប្រាំបួនឆ្នាំជាប់ៗគ្នា ទិន្នផលស្បៀងរបស់ប្រទេសចិនមានភាពលំនឹងក្នុងជាង ៦៥០ ពាន់លានគីឡូក្រាម ។

នៅក្នុងរដូវកាល Qiufen វាលស្រែមានពណ៌មាស ពោតមានផ្លែធំៗពេញណែន ផ្លែឈើជះក្លិនប្រហើរ… ភាពរីករាយដែលកើតមកពីការប្រមូលផលត្រូវបានរំលេចចេញនៅលើមុខរបស់កសិករចិនរាប់រយលាននាក់ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *