ភ្នំពេញ៖ កម្លាំងជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនបុរសម្នាក់កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៥ បន្ទាប់ពីសង្ស័យថាបានប្រើល្បិចជួលកាមេរ៉ាថតរូបច្រើនគ្រឿង ពីម្ចាស់ផ្សេងៗគ្នា ហើយយកទៅលក់បន្ត ដោយបំភ្លេចបំណងសងជូនវិញ។
ការឃាត់ខ្លួននេះបានអនុវត្តនៅចំណុចមួយជិតហាងលក់កាមេរ៉ា ស្ថិតលើផ្លូវមុន្នីវង្ស សង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ ជា លឹមហេង ភេទប្រុស អាយុ ២០ ឆ្នាំ ត្រូវបានគេចោទប្រកាន់ថាបានជួលកាមេរ៉ាចំនួន ១១គ្រឿង ព្រមទាំងខ្សែ និងលែនបន្ថែម ជាង ១០ដើម ពីជនរងគ្រោះចំនួន ៩នាក់។
បន្ទាប់ពីជួលបាន គាត់បានយកកាមេរ៉ាទាំងនោះទៅលក់តាមហាងលក់គ្រឿងថតរូបផ្សេងៗ ក្នុងតម្លៃចន្លោះពី ១,២៥០ដុល្លារ ដល់ ២,២៥០ដុល្លារ ក្នុងមួយគ្រឿង ជាសរុបចំនួនលុយជាង ៤០,៤៤៤ដុល្លារ។
ក្នុងនោះជនសង្ស័យបានសារភាពថា សកម្មភាពជួលរបស់ខ្លួនបានចាប់ផ្តើមតាំងពីខែឧសភា ឆ្នាំ ២០២៥ រហូតដល់ពេលត្រូវជាប់ខ្នោះនេះ។
បច្ចុប្បន្ន កម្លាំងអាវុធហត្ថបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ បន្ត៕N7




