ខេត្តបន្ទាយមានជ័យ : ដោយសារតែភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ ធ្វើឲ្យ ៣ស្រុក ក្រុង មានផ្ទះប្រជាពលរដ្ឋ រស់នៅតាមដងស្ទឹងសិរីសោភ័ណ ដងស្ទឹងមង្គលបូរី លិចលង់ជាច្រើនគ្រួសារ អាជ្ញាធរចាប់ផ្តើមជន្លៀសប្រជាពលរដ្ឋមកកាន់ ទីទួលដោយសុវត្ថិភាព។ ក្នុងនោះក៏មាន ក្នុងស្រុកភ្នំស្រុក លិចផ្លូវជាតិ រថយន្តខ្នាតធំ រដ្ឋបាលខេត្តផ្អាក់មិនឲ្យធ្វើចរាចរណ៍សន្នអាសន្ន ស្របពេលនោះក៏មានមនុស្សស្លាប់ដោយសារលង់ទឹក៣នាក់ ក្មេង១នាក់ចាស់២នាក់ផងដែរ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត អាជ្ញាធរស្រុក ក្រុង កងកម្លាំងប្រដាប់អាវុធ កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានចុះពិនិត្យមើលនិងរៀបចំទីកន្លែងស្នាក់នៅរបស់បងប្អូនប្រជាពលរដ្ឋដំបូងចំនួន ៣៥គ្រួសារដែលរស់នៅតាមមាត់ស្ទឹងមង្គលបូរី ក្នុងឃុំបត់ត្រង់ ស្រុកមង្គលបូរី ក្រោយពីទឹកស្ទឹងហក់កើនឡើងលិចផ្លូវលំចូលទៅផ្ទះ មកទីទួលសុវត្ថិភាពនៅផ្លូវវាងក្រុងសិរីសោភ័ណ ដែលក្រុមការងារបានរៀបចំជូន។

ដោយឡែកនៅសង្កាត់ព្រះពន្លាក៏មានប្រជាពលរដ្ឋចំនួន១៨ គ្រួសារក៏លិចលង់ផ្ទះសម្បែងដែរត្រូវបានមកស្នាក់នៅបេនឡានថ្មី ក្នុងភូមិ ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណផងដែរ។ ក្នុងនោះ លោកសុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៍មានឲ្យដឹថា បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះនិងភ្លៀងធ្លាក់ជាបន្តបន្ទាប់បណ្តាលឲ្យមានជំនន់ទឹកភ្លៀងលិចនិងហូរកាត់ផ្លូវមួយចំនួននៅក្នុងខេត្តបន្ទាយមានជ័យ ពិសេសកំណាត់ផ្លូវខេត្តលេខ ២៦៨A ចាប់ពីព្រៃមាន់ ដល់ អាងត្រពាំងថ្ម ស្រុកភ្នំស្រុក ដូច្នេះ មន្ទីរសាធារណៈកា ត្រូវផ្អាកចរាចរណ៍បណ្តោះអាសន្នយានយន្តដឹកជញ្ជូនធុនធំ គ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់ដើម្បីថែរក្សាផ្លូវថ្នល់ ស្ពានកុំ បាក់ស្រុតនិងធានាដល់ការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព ។

ក្នុងនោះលោកសុក ចាន់ថា បានបញ្ជាក់ឲ្យដឹងបន្តទៀតថា
មូលហេតុនាំឲ្យជំនន់ទឹកភ្លៀងលិចកំណាត់ផ្លូវខេត្តលេខ២៦៨A ចំណុចស្ពានស្នោរមុខការិយាល័យកសិកម្មស្រុក និងចំណុចជិតស្ពាននាគមានឃុំស្រះជីកស្រុកភ្នំស្រុកនាពេលនេះ បណ្តាលមកពីជំនន់ទឹកភ្លៀងមកពីប្រព័ន្ធធារាសាស្ត្រស្ពានស្រែងដែលទទួលរបបទឹកជំនន់ពីស្ទឹងស្រែងនិងទឹកភ្លៀងធ្លាក់ពីភូមិសាស្ត្រខេត្តឧត្តរមានជ័យនិង១ទៀតមកពីមុខទឹកហូរត្រូវស្ទះដោយការចាក់ដីមុខលូនិងស្ពាន ដូច្នេះ មន្ទីរនិងអាជ្ញាធរបានយកគ្រឿងចក្រទៅកាយបើកមុខទឹក រំដោះទឹកក្រោមលូនិងស្ពានហូរជាធម្មតាឡើងវិញហើយ។

នៅវេលាម៉ោង៧ល្ងាច ថ្ងៃទី២១ ឆ្នាំ២០២២ មានសពស្រ្ដីម្នាក់មានឈ្មោះ សយ សេក ភេទស្រី អាយុ ៣៤ឆ្នាំ បានលង់ទឹកស្លាប់ នៅចំណុចខាងត្បូងភូមិគោកច្រាបជាប់ ព្រំប្រទល់ភូមិគោកក្រសាំង ស្ពានឫស្សីកាត់ប្រឡាយធំ ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

នៅវេលាម៉ោង ០៧:៤៥នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះដែរមានបុរស់ម្នាក់ស្លាប់ដោយសារលង់ទឹក ត្រង់ចំណុច ភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ សពមានឈ្មោះ ប្រុញ ភក្តី ភេទប្រុស អាយុ ៣៦ ឆ្នាំ មូលហេតុស្រវឹងស្រា ជិះទូកលើកមងយកត្រី មិនប្រយ័ត្នធ្លាក់ពីលើទូកលង់ទឹកស្លាប់តែម្តង។ក្រោយពីរកឃើញហើយ ក៏បានប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី។

នៅវេលាម៉ោង២ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២២នេះដែរ មានក្មេងម្នាក់ឈ្មោះខា គិមឡុង អាយុ៩ឆ្នាំ រស់នៅភូមិខ្មែរ ឃុំបុស្បូវ បានទៅលេង ទឹកស្រះលង់ស្លាប់ ក្បែរភូមិ ដែលមានជំរៅ៣ម៉ែត្រ ក្មេងនេះរស់នៅជាមួយជីដូនចាស់ជរា ពេលឪពុកម្តាយទៅធ្វើការនៅប្រទេសថៃបាត់។

ជាមួយគ្នានោះ លោកអ៊ុ រាត្រី អភិបាលខេត្តបានចូករួមសោកស្តាយជាពន្លន់ពេល លោកបានចូលរួមរំលេកទុក្ខដល់ក្រុមគ្រួសារសពផងដែរ។លោកក៏បានក្រើនរំលឹកដល់មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានត្រូវផ្តល់កិច្ចសហការក្តាប់ព័ត៌មាន និងរាយការណ៍ឲ្យបានទាន់ពេលវេលាចំពោះករណីស្ថានភាពទឹកក្នុងករណីមានការហក់ឡើងខ្លាំងជាការព្រួយបារម្ភណាមួយ។

លោកបានក្រើនរំលឹកថា សូមបងប្អូនប្រជាពលរដ្ឋសូមថែរក្សាសុខភាពឲ្យបានល្អដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាតមានអនាម័យល្អ។
សូមបញ្ជាក់ថា ស្ថានភាពទឹកជំនន់នកិងជំនន់ទឹកភ្លៀងគិតត្រឹមថ្ងៃទី២១ទីកញ្ញាក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ត្រូវមន្ត្រីពន្យល់ថា ពុំទាន់មានបញ្ហាអ្វីនោះទេ៕ដោយ:ឧត្តម
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed