ភ្នំពេញ :កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ បានប្រារព្ធពិធី វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក) លើកទី២១ ឆ្នាំ២០២៤ ស្ដីពីវិជ្ជាជីវៈសារព័ត៌មាននិងការបញ្ចេញមតិ ក្រោមវត្តមាន ការអញ្ជើញចូលរួមពីឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការចូលរួមពីចាងហ្វាង និពន្ធនាយក តំណាងសមាគម និងជាអ្នកដឹកនាំស្ថាប័នសារព័ត៌មានសរុបចំនួន១៥២នាក់ មកពីបណ្ដាលស្ថាប័នផ្សេងៗចំនួន១០២អង្គភាព។

វេទិកានេះបានរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា បានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដែលប្រមូលផ្ដុំដោយស្ថាប័ន អង្គភាពសារព័ត៌មានវិជ្ជីវៈនៅក្នុងប្រទេស។ នេះជាការយកចិត្តទុកដាក់ចំពោះវិស័យសារព័ត៌មាននិងជាការផ្ដល់កិត្តិយស វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក.)លើកទី២១ ក្នុងឆ្នំា២០២៤នេះ ដោយបានទទួលនូវសារលិខិត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងក្នុងនាឱកាសនេះ ប្រាប់ដល់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ដោយរំលេចពីស្ថានភាពរួមនៃវិស័យសារព័ត៌មាននៅកម្ពុជា។

ឯកឧត្តមបានបន្តទៀតថា ការវិវត្តន៍ប្រែប្រួលក្នុងវិស័យសារព័ត៌មាន ក្នុងនោះមានសារព័ត៌មានប្រពៃណី និងសារព័ត៌មានទំនើប ព្រមទាំងបណ្ដាញសង្គមប្រជាប្រិយនានាដែលកំពុងដើរតួចជំនួសសារព័ត៌មានប្រពៃណីហើយក៏ជាបញ្ហាប្រឈមសម្រាប់អ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ។

ឯកឧត្តមក៏បានផ្ដល់នូវអនុសាសន៍និងធាតុចូលដ៏មានតម្លៃដល់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាសម្រាប់ធ្វើការពិចារណាដើម្បីពង្រឹងនូវសកម្មភាពសារព័ត៌មានប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។

វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក.)លើកទី២១ បានលើកយក “វិជ្ជាជីវៈសារព័ត៌មាននិងការបញ្ចេញមតិ”មកពិភាក្សានិងអនុម័ត។ការពិភាក្សាពេញមួយព្រឹកដោយ ចាងហ្វាង និពន្ធនាយក តំណាងសមាគមនិងជាអ្នកដឹកនាំស្ថាប័នសារព័ត៌មានមកពី ១០២អង្គភាព និងបានអនុម័តសេចក្តីថ្លែងការណ៍រួម ដែលមានខ្លឹមសារចំនួន១១ចំណុច។

លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជាបានបញ្ជាក់ថា ការលើកយកប្រធានបទនេះមកពិភាក្សាពីព្រោះក្លឹបអ្នកកាសែតកម្ពុជាយល់ឃើញថា វិជ្ជាជីវៈសារព័ត៌មាននៅតែជាប្រការសំខាន់ដែលត្រូវយកចិត្តទុកដាក់បន្តពង្រឹងដើម្បីការពារតម្លៃអ្នកសារព័ត៌មានអាជីពនិងរក្សាបាននូវទំនុកទុកចិត្តរបស់មហាជន។

ជាមួយគ្នានេះផងដែរ វ.ន.ស.ក. ក៏សូមអំពាវនាវដល់ស្ថាប័នរដ្ឋនិងអាជ្ញាធរទាំងអស់ចូលរួមឆ្លើយតបឬបកស្រាយទាន់ពេលវេលា នូវព័ត៌មាននានា ក៏ដូចជាព័ត៌មានក្លែងក្លាយ ដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈវប្បធម៌ ប្រពៃណី និងសង្គមជាតិ។

វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាក៏សូមគាំទ្រនិងគោរព ថ្លែងអំណរគុណ គោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានតែងតែផ្ដល់តម្លៃដល់ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាដោយបានយកឱកាសនេះចេញសារលិខិតផ្ញើជូន ចាងហ្វាង និពន្ធនាយក ក៏ដូចជាអ្នកប្រកបអាជីពវិជ្ជាជីវៈសារព័ត៌មានទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed