ភ្នំពេញ៖ ករណីឃាតកម្មដ៏សាហាវមួយបានកើតឡើងនៅលើផ្លូវ OCIC ក្រុមទី១ ភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅវេលាម៉ោង ៥ និង ៤០ នាទី ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បង្កភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលកំពុងដើរហាត់ប្រាណ។ ពួកគេបានឃើញសពម្នាក់ (មិនស្គាល់អត្តសញ្ញាណ) ដែលស្ថិតក្នុងសភាពឈាមស្រែកស្បែកហៅ ហើយបានរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ។
ក្រោយពិនិត្យដោយគ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថាជនរងគ្រោះបានស្លាប់ដោយប៉ះពាល់ធ្ងន់ធ្ងរទៅក្បាលខាងក្រោយ ដែលបង្កឡើងដោយឧបករណ៍រឹងៗ។ សង្ស័យជាករណីឃាតកម្មមានបំណងប្លន់ទ្រព្យ។
បន្ទាប់ពីរទទួលបានសេចក្តីរាយការណ៍ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថមូលដ្ឋាន បានបើកការស៊ើបអង្កេតយ៉ាងសកម្ម និងពង្រីកដែនសកម្មភាពស៊ើបអង្កេត ដល់កម្លាំងអាវុធហត្ថស្រុកមុខកំពូល។ ជាផលវិបាកនៃការចុះស្រាវជ្រាវបន្តលើកលែង កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ និងនាំមកកាន់ការិយាល័យព្រហ្មទណ្ឌនៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការស៊ើបអង្កេតបន្ដ។
ជនសង្ស័យទាំង៥នាក់រួមមាន៖
១. អ៊ុសារ ស្នាវី ភេទប្រុស អាយុ ២១ ឆ្នាំ
២. មាន អ៊ូមើត ភេទប្រុស អាយុ ២១ ឆ្នាំ
៣. ណូ ហាន់ណាហ្វី (ហៅ វៃ) ភេទប្រុស អាយុ ២០ ឆ្នាំ
៤. ម៉ាត់ណោះ ស្រុលឡោះ ភេទប្រុស អាយុ ១៧ ឆ្នាំ
៥. មាន សាលីម ភេទប្រុស អាយុ ២៣ ឆ្នាំ
ក្រោមសំណួរជំនាញ ជនសង្ស័យទាំងនេះបានសារភាពថា ពួកគេបានរួមគ្នាប្រព្រឹត្តអំពើឃាតកម្មដើម្បីប្លន់យកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ដែលមានទូរស័ព្ទដៃ និងកាបូបលុយ។ ពួកគេបានប្រើដំបងនិងមួកសុវត្ថិភាពវាយទៅលើក្បាលជនរងគ្រោះដល់ស្លាប់ បន្ទាប់មកបានរត់គេចខ្លួនទៅតំបន់មួយផ្សេងទៀត។
ជាមួយនេះ ពួកគេក៏បានសារភាពបន្ថែមថា តែងតែធ្វើសកម្មភាពល្មើសជាបន្តបន្ទាប់ ជាពិសេសលួច ប្លន់ និងប្រើប្រាស់សារធាតុញៀន ជាក្រុម។ ជនមួយចំនួនក្នុងចំណោមនេះក៏ធ្លាប់ជាប់ពន្ធនាគារពាក់ព័ន្ធករណីលួចផងដែរ។
បច្ចុប្បន្ន ការិយាល័យព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងសម្របសម្រួលកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទាំងអស់ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
សមត្ថកិច្ចបន្តអំពាវនាវដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្ន និងជួយសហការផ្ដល់ព័ត៌មានករណីសង្ស័យនានា ដើម្បីជួយរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានប្រសើរឡើង៕N7





